ខេត្តកណ្តាល៖ លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១២ កញ្ញា ២០១៩ បានសម្រេចចេញដីការឃុំខ្លួនក្រុមស្ទាក់វាយអ្នកដំណើរដោយប្រើខ្សែក្រវ៉ាត់ ដុំថ្ម ដំបង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស”ដែលប្រព្រឹត្តនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣និង១៥នាទី តាមមាត្រា៣៥៣ ,៣៥៧ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទី០១ឈ្មោះ ថោ ថារ័ត្ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិ ខ្មែរ មានទីលំនៅភូមិអន្លង់រមៀតខាង ត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី០២ឈ្មោះញ៉ែម សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។
ជនរងគ្រោះទី១ឈ្មោះសុឹម ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ នៅភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី០២ឈ្មោះ តេង សារ៉ុម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំនិទៀន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរកសិករ ។
នគរបាលស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់រួមទាំងឈ្មោះសឿន គន្ធាបានជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី 2015 ពាក់ស្លាកលេខភ្នំពេញ 1CR-5454 ឌុបគ្នាចេញពីផ្ទះមកភ្នំពេញ ពេលមកដល់កន្លែងកើតហេតុ ក្រុមជនសង្ស័យបានយកខ្សែក្រវ៉ាត់ ដុំថ្ម ដំបង វាយក្រុមជនរងគ្រោះនិងម៉ូតូបណ្តាលឲ្យរបួស និងខូចខាតម៉ូតូ ហើយក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនអស់។
បន្ទាប់មកកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពីរនាក់ខាងលើបញ្ជូនមកស្រុកកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ ឆ ដា