ខេត្តពោធិ៍សាត់៖ ស្រ្តីចំនួន ២នាក់បានរងរបួសដោយសារកណ្ដាប់ដៃលោកប្ដីប្រមឹកសំពង នៅគ្រាដែលពួកគាត់ផឹកសុីស្រវឹងជោកជាំ ២ករណីផ្សេងៗគ្នា នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ។
ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីហឹង្សាក្នុងគ្រួសារដោយចេតនាមួយបានកើតឡើង បង្កឡើងដោយបុរសជាប្ដីឈ្មោះ ទិត សេងលី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ បានទាញយកបំពង់ទឹកក្ដៅសំពងក្បាលប្រពន្ធ បណ្ដាលឲ្យរងរបួសបែកហូរឈាម នៅគ្រាដែលបុរសជាប្ដីត្រឡប់មកពីផឹកស្រា ។
ដោយឡែក៖ ប្រភពព័ត៌មានពីនគរបាលស្រុកវាលវែងឯនេះវិញ នៅវេលាម៉ោង២ និង២៤នាទី រសៀលថ្ងៃដដែល នៅចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៍មានករណីហឹង្សាក្នុងគ្រួសារដោយចេតនាផងដែរ បង្កឡើងដោយបុរសជាប្ដីឈ្មោះ សេង សុខកា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ដោយទាញយកដងរ៉ែងសំពងប្រពន្ធ និងយកកាំបិតដេញកាប់បណ្ដាលឲ្យរងរបួស នៅគ្រាដែលខ្លួនផឹកសុីស្រវឹងជោកជាំទាស់សម្ដីគ្នា ។
ប្រភពព័ត៌មានពីនគរបាលស្រុកទាំងពីខាងលើ ករណីហិង្សាដោយចេតនានៅក្នុងគ្រួសារ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ បានអញ្ជើញពួកគាត់យកមកកន្លែង ដើម្បីបន្តនីតិវិធីសម្របសម្រួលគ្នា ។
គួររំលឹកផងដែរ រយៈពេលប៉ុន្មានថ្ងៃនេះ កើតមានច្រើនករណីហឹង្សាដោយចេតនា សរុបចំនួន ០៥ករណីផ្សេងៗគ្នា ទូរទាំងខេត្តពោធិ៍សាត់ ដោយផ្ដើមចេញពីការផឹកសុីស្រវឹង ៕ បុឹម ពិន