ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ធទាំងយប់ សមត្ថកិច្ចឃាត់សួរនាំ បែកធ្លាយប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទាំងកណ្ដាលយប់ ខណៈកំពុងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយប្រពន្ធ មកសួរនាំបែកធ្លាយសារធាតុញៀនក្នុងខ្លួន ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃព្រហស្បតិ៍​ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិចំណុចភូមិ កោះក្បានកណ្ដាល ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះលឹម បូរ៉ា អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ កោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ប្រភពបន្តថា នៅមុនកើតហេតុ វេលាម៉ោង១១យប់ កម្លាំងប៉ុស្តិ៍នគរបាលសំរោងបានល្បាតចល័តតាមមូលដ្ឋាន ពេលមកដល់ត្រង់ចំណុចភូមិចំណុចភូមិ កោះក្បានកណ្ដាល ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រទះឃើញមុខសញ្ញាជនសង្ស័យកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធយ៉ាងខ្លាំង ពេលនោះទើបសមត្ថកិច្ចបានហៅមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដើម្បីសាកសួរ រួចក៏បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន (+) ។

ប្រភពបន្តថា ក្រោយពីសួរនាំរួចសមត្ថកិច្ចបាន រកឃើញដូចខាងក្រោម ម៉្សៅក្រាមពណ៌ស សង្ស័យថាថ្នាំញៀនចំនួន០៣កញ្ចប់តូច.

វត្ថុតាងដកហូតរួមមាន ម៉ូតូម៉ាក អ៊ែវើលែត ចំនួន១ គ្រឿ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DK:០៩៥៥ កាតធ្វើការរោងចក្រ ០១ សន្លឹក ប្រាក់រៀលចំនួន ៥ពាន់រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចឃាត់ទុកអធិការដ្ឋាននគរបាល ស្រុកចន្រ្ទា ដើម្បីរៀបចំសំណុំរឿង បញ្ជូនតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖