ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជា ជម្រាបមក
លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រនៃយើង។
នៅក្នុងនោះយោង ៖ -មាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
-មាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
-មាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប់ លោកព្រះរាជអាជ្ញា ជ្រាបថា៖ ឈ្មោះ សម រង្សី
បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា :..ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើង
មិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់លោក ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ។
ពាក្យសម្ដីរបស់ឈ្មោះសម រង្សី ដែលបានផ្សព្វផ្សាយជាសាធារណៈនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពស្រឡាញ់ស្មើជីវិត។
ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រខាងលើនេះ គឺជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃ
ព្រះរាជាណាចក្រកម្ពុជា ហើយទង្វើនេះត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាម
បញ្ញត្តមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕ សុខ ខេមរា