ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានរបស់ក្រុមហ៊ុនម៉ៅការបុកស៊ីផាយនៅព្រែកអូរវែង ដែលកំពុងដំណើរការបុកបានប្រវែងជាង៤០ម៉ែត្រ ក្រោយពីចាក់ដីបំពេញនៅជំហ៊ានដំបូងប្រវែង៣៩៥ម៉ែត្រ នៅប៉ែកខាងកើតប្រឡាយព្រែកអូវែង ចាប់ពីស្ពានថ្មវត្តទួលអស់លោកទៅលើ ដោយទទឹងមាត់ប្រឡាយមានទំហំ៨០ម៉ែត្រ តាមគម្រោងរបស់សាលារាជធានីភ្នំពេញ។ ក្នុងនោះបានកំណត់ទុកមាត់ប្រឡាយប្រវែង៣០ម៉ែត្រ,ទុកសម្រាប់ធ្វើផ្លូវអមសងខាង២០ម៉ែត្រ ដោយផ្លូវម្ខាងទទឹង១០ម៉ែត្រ និង ៣០ម៉ែត្រទៀត សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋសង់ផ្ទះអមមាត់ប្រឡាយ ម្ខាង១៥ម៉ែត្រ ដែលរងផលប៉ះពាល់នៅផ្លូវរថភ្លើង ទាំង៣សង្កាត់ សរុបចំនួន៣២០គ្រួសារ ក្នុងខណ្ឌឫស្សីកែវ មានសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និង សង្កាត់ទួលសង្កាត់ទី១ បានទទួលប្រទានកម្មដីពីរាជរដ្ឋាភិបាលកម្ពុជា ទំហំ ៤ម៉ែត្រx១៥ម៉ែត្រ ដើម្បីសង់លំនៅដ្ឋាន ស្ថិតនៅខាងក្រោយវត្តទួល សន្តិវ័័ន (ហៅវត្តទួលអស់លោក)ដែលជាដីចំណីប្រឡាយដីសាធារណៈរបស់រដ្ឋ ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានបុកស៊ីផាយ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អភិបាលខណ្ឌឫស្សីកែវ ជា ពិសី បានមានប្រសាសន៍ថា៖ប្លង់គោលការស្ដារហេដ្ឋារចនាសម្ព័ន្ធតាមប្រឡាយអូរវែង ចាប់ពីស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ដល់ផ្លូវ៩០៧(ចំណតយាន្តដ្ឋានសូរិយាដឹកអ្នកដំណើរ)មានប្រវែង៤.៤៥០ម៉ែត្រ ទទឹង៨០ម៉ែត្រតាមគម្រោងរបស់សាលារាជធានីភ្នំពេញ។លោកបានបន្តថា៖ការចាក់ដីបំពេញ និង បុកស៊ីផាយព្រែកអូរវែង ក៏ដូចជាព្រែកបាក់ទូក ត្រូវធ្វើការបុកស៊ីផាយសងខាងមាត់ប្រឡាយ និង ស្ថាបនាផ្លូវអមមាត់ព្រែកដូចគ្នា ដើម្បីធ្វើការកែលម្អរសោភណ្ឌភាពតាមមាត់ប្រឡាយឱ្យរឹតតែស្រស់ស្អាតមួយកំរិតថែមទៀត។
លោក ជា ពិសី បានបញ្ជាក់ថា៖ការពាក់ព័ន្ធដីគរុភណ្ឌរបស់វត្តទួលអស់លោក ដែលរងផលប៉ះពាល់ឈាបនដ្ឋាន អាជ្ញាធរខណ្ឌឫស្សីកែវ នឹងធ្វើការពិភាក្សាដោះស្រាយជូន។ចំពោះបញ្ហាផ្សេងៗទៀត ដែលមិនមែនជាដីគរុភណ្ឌរងការប៉ះពាល់ ហើយចៅអធិការវត្តសុំបិណ្ឌបាត្រទុកនោះ អាជ្ញាធរខណ្ឌនឹងសុំគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញជាមុនសិន បើសម្រេចយ៉ាងណានោះអាជ្ញាធរខណ្ឌនឹងអនុវត្តតាមការណែនាំ៕ អរុណរះ