ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដរន្ធត់មួយ ដោយអ្នកបើកបររថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទបុក នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៦ និង០៥នាទី ល្ងាចថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៤.១៩៥ ស្ថិតក្នុងភូមិអណ្ដូងសំប៊ូ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2-1114 បើកបរដោយឈ្មោះ កែវ ភារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូពីក្រោយពេញពេញទំហឹង បណ្ដាលឲ្យដួលបោកស្លាប់ភ្លាមៗយ៉ាងអាហោចអាធម័ ។
ប្រភពព័ត៌មានខាងលើបន្តថា ភាគីខាងម៉ូតូរងគ្រោះ(ស្លាប់)ឈ្មោះ ឃុត មឿង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលស្វាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ខណៈកំពុងធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B 8287 ។
ប្រភពដដែលបន្តទៀតថា សាកសពសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុក នៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រងចាំធ្វើការវាសវែង និងដោះស្រាយតាមនីតិវិធី ៕ បុឹម ពិន