ភ្នំពេញ៖ រថយន្តក្រឡុកបេតុងរេចង្កូតឡើងសួនច្បារបុកបង្គោលភ្លើង និងស្លាកប៉ាណូ ខាងមុខវិទ្យាស្ថានជាតិអប់រំពិសេស ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីបុរសម្នាក់មានឈ្មោះ សួន ណារ៉េត អាយុ ៣៤ឆ្នាំ ជាតៃកុងរថយន្តបង្កបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តក្រឡុកបេតុងមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ5A-1465 ធ្វើដំណើរមកពីចាក់បេតុងនៅព្រែកតាទែនបំណង បើកត្រលប់ទៅការ៉ាស់វិញ តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុគាត់ក៏បានអក់ហ្សើជាមួយនិងរថយន្តមួយគ្រឿង ទៀតមិនចាំម៉ាកនៅខាងមុខ រួចគាត់បានកាច់ចង្កូតរថយន្ដទៅខាងឆ្វេងគេចចេញពីរថយន្ដនោះ រួចក៏ជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឲ្យបាក់តែមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ