ខេត្តកណ្តាល៖ គ្រាន់តែបញ្ជូនដល់តុលាការខេត្តកណ្តាលភ្លាម នាព្រឹកថ្ងៃទី១៣ ខែកញ្ញា , ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗព្រោះតែការធ្វេសប្រហែលចតឡានគ្មានដាក់សញ្ញាសម្គាល់ នោះ អួតប្រាប់អ្នកនៅជុំវិញខ្លួនថា ២ម៉ោងទៀត នឹងត្រូវដោះលែងវិញហេីយ ។ ទីបំផុតលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោះលែងអោយមានសេរីភាពមែន ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់សារព័ត៍មាន ថា ៖លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងតៃកុងរថយន្តអោយវិលត្រឡប់ទៅផ្ទះវិញ ដោយនឹងស៊េីបអង្កេត និងពិនិត្យសំណុំរឿងបន្តទៀត ដោយសារតែតៃកុងឡានគ្មានកំហុស ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយលួចបង្ហេីបប្រាប់សារព័ត៍មាន ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងដោយសារឡានចតគ្មានដាក់សញ្ញាសម្គាល់ ទេីបម៉ូតូកង់បីបេីកបុកពីក្រោយបណ្តាលអោយជនរងគ្រោះស្លាប់ ។
ក្រោយកេីតហេតុ ម្ចាស់ឡានបានបេីកគេចរហូតបែកកង់ឡានទេីបសមត្ថកិច្ចតាមចាប់បានមកវិញ ។
មហាជនសម្តែងការហួសចិត្តដែលជនបង្កដែលអួតក្អេងក្អាងថា នឹងរួចខ្លួនឥឡូវពិតជារួចខ្លួនមែនពិតជាសម្តីទិព្វមែន ។
តៃកុងរថយន្តមានឈ្មោះ ណាត បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះទេព សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែ រមានទីលំនៅភូមិស្វាយចេក ឃុំស្វាយធំស្រុកស្វាយធំ ខេត្តស្វាយរៀង។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានអោយដឹងថា៖ នៅថ្ងៃទី១២ ខែកញ្ញា វេលា ម៉ោង១៖៣០នាទី នៅផ្លូវលេខ១ ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម៉ូតូកង់បី ម៉ាក LONCIN YUEJN ប្រភេទកង់៣ ពណ៍ក្រហមពាក់ផ្លាកលេខ ស្វាយរៀង1O-2263 បើកបរដោយឈ្មោះ ទេព សុវណ្ណ បានបើកបរមានទិសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១។
លុះដល់ពេលកន្លែងកើតហេតុ បានបុកពីក្រោយរថយន្តម៉ាក HYUNDAI ពណ៌បៃតង ប្រភេទដឹកទំនិញធុនធំពាក់ផ្លាក លេខភ្នំពេញ3B -7464 បើកបរដោយឈ្មោះ ណាត បូរី ដែលកំពុងឈប់ប៉ះកង់រថយន្តនៅជាយផ្លូវខាងស្តាំក្នុងទិសដៅស្របគ្នា បណ្តាលអោយរបួសអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់(ស្លាប់)នៅពេលបញ្ចូនទៅមន្ទីរបង្អែកស្រុកកៀនស្វាយ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងនិងយកវត្ថុតាងរថយន្តរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនិងឃាត់ខ្លួនអ្នកបើករថយន្ត។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាករណីនេះបណ្តាលមកពីអ្នកបើម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើកក្នុងល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ អ្នកបើកបររថយន្តធ្វេសប្រហែសខ្ជីខ្ខា មិនប្រុសប្រយ័ត្ន មិនដាក់សញ្ញាបង្ហាញអោយអ្នកប្រើប្រាស់ផ្លូវបានឃើញច្បាស់៕ចេស្តា