ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តកូរ៉េដឹកតុកៅអី បើកបុក កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ុំ ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ភ្ញាក់ងារ ដឹកផលិតផល អនឡាញ មានទីលំនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ( ស្លាប់ភ្លាមៗនៅកន្លែង) រួមដំណើរជាមួយ ឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា រងរបួសធ្ងន់ ។ ជិះម៉ូតូ ម៉ាកMSX ពាក់ស្លាកលេខ ភ្នំពេញ 1FM-9265។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ក្នុងគោលបំណងដឹកផលិតផលឲ្យអតិថិជន ស្ពីកឃ័រ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ឆ្លងផ្លូវពីត្បូងទៅជើង ត្រូវបានរថយន្តកូរ៉េ ដឹកតុ កៅអី បើកពីកើតទៅលិចបុក ហើយរថយន្តបើករត់គេចពីកន្លែងកើតហេតុទៅបាត់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កក្រោយបើករត់គេច ដល់ក្បែរសាលាអាវុធហត្ថកំបូល អ្នកបើកបររត់គេចខ្លួនបាត់ ហើយរថយន្តបង្កកូរ៉េ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2W-1806 ។
ករណីខាងលើត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ជនរងគ្រោះដឹកបញ្ជូនយកទៅសង្គ្រោះ រួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង យកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធី ៕សុខាសែនជ័យ