ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រា យកមងទៅដាក់ត្រីប្រកាច់ធ្លាក់ទឹកវាលស្រែ លង់ទឹកស្លាប់កាលពីវេលាម៉ោង១៨និង៣០នាទី ម៉ោងដឹងកើតហេតុ ថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវាលស្រែពាលពក នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សពឈ្មោះ យឿង យ៉េន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ នៅភូមិ-ឃុំកន្លែងកើតហេតុ ។
តាមការបំភ្លឺពី ឈ្មោះ ធឿន ចាន់ អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធនៃសព បានបំភ្លឺថា ប្ដីរបស់ខ្លួនមានជំងឺរ៉ាំរ៉ៃប្រចាំកាយ (រោគឡើងឈាម នឹងមានជំងឺធ្លាប់ប្រកាច់ ) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទីព្រឹក ប្ដីខ្លួនបានដើរទៅផឹកស្រាជាច្រើនកន្លែងក្នុងភូមិ រហូតដល់ម៉ោង១៧និង៣០នាទី ទើបប្តីគាត់ត្រឡប់មកផ្ទះវិញ ហើយបានយកមងទៅរាយដាក់ត្រីនៅចំណុចខាងជើងឆៀងខាងលិចផ្ទះខ្លួន ចម្ងាយប្រហល ២០០ម៉ែត្រ លុះដល់វេលាម៉ោង១៨និង៣០នាទី ខ្លួនបានទៅបត់ជើងនៅចំណុចកើតហេតុ ក៏បានឃើញសពប្តីខ្លួនដួលផ្កាប់មុខទៅក្នុងទឹកជម្រៅពាក់កណ្តាលស្មងជើង ខ្លួនក៏ចុះទឹកដើរទៅមើលឃើញប្តី ស្លាប់បាត់ទៅហើយរួចក៏បានហៅបងប្អូនជួយយកសពប្តីមកផ្ទះ ហើយទើបផ្តល់ព័ត៌មានដល់សមត្ថកិច្វ ។
តាមសមត្ថកិច្ចបានសន្ធិដ្ឋានការលង់ទឹកស្លាប់នេះ គឺបណ្តាលមកពីជនរងគ្រោះមានជំងឺខ្លួនឯង ដួលប្រកាច់ក្នុងទឹក និងដោយសារស្រវឹងស្រាផង ។
ក្រោយទទួលព័ត៌មានសមត្ថកិច្ចជំនាញនគរបាលស្រុក និងប៉ុស្តិ៍ បានសហការជាមួយ នឹងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីដែលពាក់ ព័ន្ធនឹងបទល្មើសឡើយរួចបានប្រគល់សពអោយក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី