ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះស្តុកម៉ាសុីនត្រជាក់យ៉ាងសន្ធោរសន្ធៅផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានកើតឡើង ឆាបឆេះផ្ទះស្តុកម៉ាសុីនត្រជាក់ចាស់ៗ សំរាប់ជួសជុលយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះស្តុកម៉ាសុីនត្រជាក់ចាស់ៗទុកសម្រាប់ជួសជុលមួយកន្លែង តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ចំណុចមុខ (អតីត ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា) សង្កាត់ទឹកថ្លា ខណ្ឌទួលសែនសុខ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញមានឆ្លងចរន្តអគ្គិសនីចេញពីចំណុចទីតាំងកើតហេតុបង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងដោយក្រុមពន្លត់អគ្គិភ័យពិបាកចូលទៅបាញ់ទឹកពន្លត់ដោយទីតាំងកើតហេតុមានស្ថានភាពផ្លូវចង្អៀតពិបាករថយន្តចូលបាញ់ពន្លត់ ។

សមត្ថកិច្ចបានឲ្យដឹងថា​ រហូតមកដល់វេលាម៉ោង១៨និង៤០នាទី ទើបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង ។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបអាចគ្រប់គ្រង់បាន ។

សមត្ថកិច្ចបានបន្តថា​ ទំហំនៃការខូចខាតខូចគឺខូចខាតសម្ភារមួយចំនួននិងរថយន្តសាំងុយចំនួនពីរគ្រឿងតែមិនបង្កមាអ្នករបួស ៕ ចន្ទ លីហ្សា


ចែករំលែក៖