ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើជាឈប់ម៉ូតូទិញអីវ៉ាន់អូសបន្លាយពេលឲ្យបក្ខពួកចូលលួចលុយម្ចាស់ផ្ទះអស់ជាង១០លានរៀល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ជិះម៉ូតូដឹកបក្ខពួកម្នាក់ដែលជាកូនក្មេង ធ្វើជាឈប់ទិញស្លារដក់ ដោយអូសបន្លាយពេលជាមួយម្ចាស់ផ្ទះ ឲ្យបក្ខពួកចូលលួចយកលុយរបស់ជនរងគ្រោះជាម្ចាស់ផ្ទះអស់ជាង១០លានរៀល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យជាអ្នកបើកម៉ូតូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលជនដៃដល់ដែលជាកូនក្មេង បានយកកាបូបលុយគេចខ្លួនបាត់ ។ ករណីលួចទ្រព្យសម្បត្ដិនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ សា យី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះ គឺជាក្មេងប្រុស ពុំត្រូវបានស្គាល់អត្ដសញ្ញាណឡើយ។ ជនរងគ្រោះឈ្មោះ នុត មេសា ភេទស្រី  អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ  ក្រុងតាខ្មៅ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូឌុបបក្ខពួកម្នាក់ដែលជាក្មេងប្រុស ទៅឈប់នៅខាងមុខផ្ទះស្រ្ដីរងគ្រោះ សួរនាំទិញស្លារដក់ចំនួន១គូរ បន្ទាប់ពីត្រូវរូវគ្នា ជនសង្ស័យ បានរាប់លុយរាយដើម្បីអូសបន្លាយពេលឲ្យបក្ខពួកម្នាក់ទៀត ចូលទៅក្នុងផ្ទះស្រ្ដីរងគ្រោះ ។ ដោយមានការសង្ស័យ ជនរងគ្រោះបានស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យដែលជាក្មេងប្រុសនោះ រត់គេចចេញបាត់ទៅ ។ ដោយឡែកជនសង្ស័យ ដែលឈប់ម៉ូតូទិញស្លារដក់នោះ ត្រូវបានស្រ្ដីរងគ្រោះនិងសាច់ញាតិចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ទ្រព្យសម្បត្ដិដែលបាត់បង់រួមមាន៖ ប្រាក់រៀលចំនួន១០,១០០,០០០រៀល និងប្រាក់ដុល្លារចំនួន១៦៧៥ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែក ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននោះ ពុំបានសារភាពអ្វីឡើយ ដោយអះអាងថា គេនឹងក្មេងប្រុសម្នាក់ ដែលចូលលួចនោះ ពុំស្គាល់គ្នាទេ ហើយក៏ពុំបានដឹកមកទិញស្លារដក់ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញ យុត្ដិធម៌ក្រុងតាខ្មៅ កំពុងបន្ដនីតិវិធី ដើម្បីចាត់ការតាមច្បាប់ ៕​ស្អាង​ជ័យ​


ចែករំលែក៖