ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ និងរថយន្តបើកបុកបន្ដគ្នាបណ្ដាលឲ្យស្រ្ដីស្រវឹងខួបម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពងធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើងឆ្លងផ្លូវ ពីកើតទៅលិចហើយ ក៏មានរថយន្តបើកពីត្បូងមកជើងមកបុកថែម បណ្ដាលឲ្យស្លាប់មនុស្សស្រីម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ វេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២៣-១២៤ ចំណុចមុខវត្តពពេជ ភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខ គ្មានបរិធាន(ឆ្អឹង) ទិសដៅពីជើងមកត្បូង អ្នកបើកម៉ូតូមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។ ចំណែករថយន្ត និងម្ចាស់កម្មសិទ្ធមិនស្គាល់អត្តសញ្ញាណបើកគេចពីកន្លែងកើតហេតុ។

អ្នកថ្មើរជើងឈ្មោះ ឈន លីន ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ស្លាប់នៅកន្លែងកើតហេតុ។ មូលហេតុ បឋមបង្កឡើងដោយអ្នកថ្មើរជើងជាមនុស្សស្រវឹងស្រាជាប្រចាំ ដើរឆ្លងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន-ម៉ូតូគ្មានភ្លើងបំភ្លឺ។

ក្រោយវាស់វែងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រមូលវត្ថុតាង ម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖