ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម៉ាស្សា២នាក់ បន្ទាប់ពីបុរសជនជាតិអាហ្គានីស្ថានម្នាក់ បានប្តឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ខណៈដែលរូបគាត់ចូលទៅម៉ាស្សា ហើយស្រ្តីទាំង២នាក់នេះ ប្រើល្បិចលួចលុយពិតចំនួន៦០០ដុល្លារ រួចប្តូរដាក់លុយក្លែងក្លាយវិញ រួចគេចខ្លួនបាត់២ថ្ងៃក្រោយត្រលប់មកវិញ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចក្នុងហាងម៉ាស្សាខ្មែរ ទីតាំងផ្ទះលេខ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញក្រោយពីពួកគេធ្វើសកម្មភាពកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី។
ជនសង្ស័យទី១.ឈ្មោះ ហេង សុខឡេង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សាខ្មែរ មានទីលំនៅផ្ទះលេខ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មានផ្ទៃពោះ៧ខែ) ។ ទី២-ឈ្មោះ នឿន ស្រីលាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហាងម៉ាស្សា ស្នាក់នៅក្នុងហាងម៉ាស្សាផ្ទះលេខ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងវត្ថុតាងចាប់យកលុយ ចំនួន៦០០ដុល្លារ(ប្រាំមួយរយដុល្លារអាមេរិក)ប្រគល់ជូនជនរងគ្រោះវិញ។
ជនរងគ្រោះឈ្មោះ TAMEEM MOHAMMAP AZEEM ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអាហ្គានីស្ថានមុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារLONGLIN ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា នៅមុនពេលកើតហេតុកាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទីជនរងគ្រោះជាជនបរទេសបានចូលមកម៉ាស្សានៅហាងម៉ាស្សាខ្មែរ ទីតាំងផ្ទះលេខ៦៩Eo ផ្លូវលេខ១៥៤ ភូមិទី៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលជនរងគ្រោះកំពុងម៉ាស្សា ក៏មានជនសង្ស័យម្នាក់ឈ្មោះ នឿន ស្រីលាង ភេទស្រី អាយុ២២ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវហាងម៉ាស្សា បានចូលទៅធ្វើសកម្មភាពលួចយកកាបូបលុយពីក្នុងហោប៉ាវខោរបស់ជនរងគ្រោះដែលព្យួរនៅជញ្ជាំង លួចយកលុយ ចំនួន៦០០ដុល្លាr ហើយប្តូរដាក់លុយCopyចំនួន៦០០ដុល្លារចូលទៅក្នុងកាបូបរបស់ជនរងគ្រោះវិញ បន្ទាប់មកជនរងគ្រោះម៉ាស្សាចប់ក៏យកលុយរាយចំនួន៣ដុល្លារពីក្នុងហោប៉ៅខោឲ្យថ្លៃម៉ាស្សា រួចក៏ដើរចេញទៅបាត់ លុះដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨ម៉ោង០០នាទី ទើបជនរងគ្រោះដឹងថា បាត់លុយហើយមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលផ្សារកណ្តាលទី២នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរសៀល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ស តារា