ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ត្រូវម៉ូតូមកពីក្រោយបុកអូសរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី២នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹងកាលពីវេលាម៉ោង៤ និង៥០នាទីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រ ១៤០ និង១៤១ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលបង្កហេតុជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័មានឈ្មោះ ឡនស៊ី អាយុ៣៧ ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយានស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។ ចំណែកភាគីម្ខាងទៀតមាន ឈ្មោះគុជ ផារី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាក SUZUKI HYPER ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខស្វាយរៀង១M ៥៨១៤ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១B ៩៦៩០ក្នុងទិសដៅពីកើតមកលិចហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូម្ខាងទៀតម៉ាក SUZUKI HYPER ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខស្វាយរៀង១M ៥៨១៤មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងចំពាក់កណ្តាលម៉ូតូបណ្តាលឲ្យខ្ទាត និងដួលអូសជាង១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង ។

ក្រោយកើតហេតុអ្នករងរបួសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងវាស់វែងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖