ព័ត៌មានទាន់ហេតុការណ៍៖

កាកសំណល់​ប្លា​ស្ទីក​ចំនួន​ ​៨៣កុងតឺន័រ ​ត្រូវ​បាន​ដឹក​ត្រឡប់ទៅ​កាន់​ប្រទេស​ដើម​វិញ​អស់ហើយ​កាលពី​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​

ចែករំលែក៖

ភ្នំពេញ៖ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​កាកសំណល់​ប្លា​ស្ទីក​ចំនួន​ ​៨៣កុងតឺន័រ​ ​ដែល​ត្រូវ​នាំចូល​ដោយ​ខុសច្បាប់​មក​ប្រទេស​កម្ពុជា​ ​ដោយក្រុម​ហ៊ុន​ ​Ghungyuen​ ​Plastic​ ​Manufacture​ ​នោះ​ ​ត្រូវ​បាន​ដឹក​ត្រឡប់ទៅ​កាន់​ប្រទេស​ដើម​វិញ​អស់ហើយ​កាលពី​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩ ​។​

​​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​បញ្ជាក់ថា​ ​កាកសំណល់​ប្លា​ស្ទីក​ទាំង៨៣កុងតឺន័រ​នោះ​ ​ត្រូវ​ក្រុមហ៊ុន​សា​ម៉ី​ ​ធ្វើការ​ដឹកជញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ចំនួន​ ​១៤កុងតឺន័រ​ ​នៅ​ថ្ងៃទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ហើយ​កាលពី​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ក្រុមហ៊ុន​បាន​បន្ត​ដឹក​ចេញពី​កម្ពុជា​នូវ​កាកសំណល់​ប្លា​ស្ទីក​ចំនួន​ ​៦៩កុងតឺន័រ​ដែល​នៅ​សេសសល់​បន្ថែម​ទៀត​។​ ជាមួយគ្នា​ក្រុមហ៊ុន​ ​ក៏បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន​ហើយ​ដែរ​។​

​គួរ​រំលឹក​ដែរ​ថា​ ​កុងតឺន័រ​ចំនួន៨៣ទូ ​មាន​ទម្ងន់​ជិត​ ​១៦០០តោន​ ​មាន​ផ្ទុក​កាកសំណល់​សំរាម​ប្លា​ស្ទីក​ ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​កាលពី​ថ្ងៃទី១៦​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ក្រោយពី​ត្រូវ​បាន​គេ​ដឹក​យក​មក​សំចត​ចោល​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ចាប់តាំងពី​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​រហូតដល់​ខែមករា​ ​ឆ្នាំ២០១៩​ ​ដោយ​សំណល់​ប្លា​ស្ទីក​នោះ​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​កាណាដា​ ៕


ចែករំលែក៖