ខេត្តប៉ៃលិន៖ លោកយាយចំណាស់ម្នាក់ យំលើកដៃសំពះអង្វរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ ដោះលែងលោកតាជរាជាប្តី អាយុជិត៨០ឆ្នាំ ឲ្យចេញពីពន្ធនាគារវិញ ក្រោយពីនគរបាល ចោទថា រកស៊ីជួញដូរឈើខុសច្បាប់ បន្ទាប់ពីទិញឈើបេង២ដើម ប្រហោងក្នុង ពីចម្ការ១កន្លែង យកទៅធ្វើគ្រែដេក ស្រាប់តែត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តតែម្តង ។ ចំណែក អ្នកភូមិ ក៏មានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញនគរបាលចាប់លោកតា ជរា ដោយចោទពីបទ រកស៊ីឈើខុសច្បាប់ ហើយម្នាក់ៗ និយាយទាំងគក់ទ្រូង និងគ្រវីក្បាល ។
ហេតុការណ៍កម្លាំងគរបាល ចុះទៅចាប់ឃាត់ខ្លួនបុរសជរានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា :លោកតាចំណាស់ជរា ពិការម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ឈ្មោះ មឿង សែម អាយុ៧៦ឆ្នាំ ពិការដៃឆ្វេង១ចំហៀង មានប្រពន្ធ ឈ្មោះ ហាង ចាន់ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
តាមប្រភពព័ត៌មានពីស្រ្តីវ័យចំណាស់ ឈ្មោះ ហាង ចាន់ ម្នាក់គាត់ចៀកធ្ងន់បន្តិចស្តាប់មិនសូវឮ ជាប្រពន្ធ បាននិយាយរៀបរាប់ទាំងទឹកភ្នែកហូរថា: នៅព្រឹកថ្ងៃកើតហេតុ មានប៉ូលិស១ក្រុម បានចុះទៅដល់ផ្ទះរបស់គាត់ ហើយចោទប្រកាន់ថា ពួកគាត់អារឈើស្តុកទុកខុសច្បាប់ តែគាត់ប្រាប់ថា: ពួកគាត់មិនធ្លាប់រកស៊ីអារឈើលក់អ្វីនោះទេ ដោយធ្វើតែចម្ការ ដាំម្ទេស ដាំត្រប់ បេះលក់រាល់ថ្ងៃ និងដាំស្រូវ បន្តិចបន្តួច ដើម្បីលក់ផ្គត់ផ្គង់ជីវិតប៉ុណ្ណោះ ។ ប៉ុន្តែ គាត់បានបញ្ជូនកូនស្រីម្នាក់ ឲ្យទៅធ្វើការនៅប្រទេសកូរ៉េ ក៏បានផ្ញើប្រាក់ឲ្យទិញឈើទាំងអស់នេះ ដើម្បីធ្វើគ្រែដេក មុនពេលពួកគាត់អស់ជីវិត លាចាកពីផែនដី លុះមួយសន្ទុះក្រោយមក ក៏ត្រូវនគរបាលឃាត់ខ្លួនប្តីខ្លួន បញ្ចូលក្នុងរថយន្ត ឆ្ពោះទៅកាន់អធិការនគរបាលស្រុកសាលាក្រៅ ។
គាត់បន្តទៀតថា: បន្ទាប់ពីដឹងថាប្តីពិការរបស់ខ្លួន មានជម្ងឺរាគរុសថែមទៀត ត្រូវគេចាប់វាយខ្នោះ គាត់មិនដឹងជាគិតយ៉ាងណានោះទេ មានតែអង្គុយស្រក់ទឹកភ្នែក ដោយអាណិតអាសូរដល់ប្តីជរាពន់ពេក ខណ:ត្រូវគេចោទពីបទរកស៊ីបទល្មើសព្រៃឈើ ។ គាត់ក៏សូមលើកដៃអង្វរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយអន្តរាគមន៍ដោះលែងប្តី គាត់ផង ព្រោះពួកគាត់មិនមែនជាមនុស្សរកស៊ីជួញដូរឈើដូចការចោទប្រកាន់នោះឡើយ ជាពិសេស សុំឲ្យឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មេត្តាចាត់មន្រ្តីក្រោមឱវាទឲ្យចុះទៅស៊ើបអង្កេតករណីប្តីរបស់គាត់ឲ្យបានច្បាស់លាស់ផងទាន មុននឹងធ្វើការចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ ។
បើតាមសំដីបុរសម្នាក់ ឈ្មោះ យឹម វឿន អាយុ៦៥ឆ្នាំ រស់នៅក្បែរផ្ទះបុរសខាងលើ បានឲ្យដឹងថា: ពួកគាត់ បានទិញឈើពីបុរសម្នាក់ឈ្មោះ សរ ចំណាន នៅឯចម្ការ ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយទិញអស់រយ:ពេល៦ថ្ងៃមកហើយ ក្នុងតម្លៃ៦៥០ដុល្លារ បម្រុងនឹងយកទៅធ្វើគ្រែដេក ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក៏ត្រូវនគរបាល ចាប់ឃាត់ខ្លួនតែម្តង ដោយចោទពីបទរកស៊ីកាប់ឈើខុសច្បាប់ ។
ចំណែកបុរសម្នាក់ ឈ្មោះ សរ ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន និងជាម្ចាស់ឈើខាងលើ បានឲ្យដឹងថា: លោកបានលក់ឈើចំនួន២ដុំ ជាប្រភេទឈើបេង ក្នុងតម្លៃ៦៥០ដុល្លារ មានប្រហោងក្នុង ទៅឲ្យបុរសខាងលើ ព្រោះគាត់សុំទិញ ដើម្បីដឹកយកទៅឲ្យជាងច្នៃធ្វើគ្រែដេកទេ ហើយគាត់ក៏ជួលគេទៅកាត់ក្នុងចម្ការ នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អស់រយ:ពេល២ទៅ៣ថ្ងៃ ទើបជួលគោយន្តកន្ត្រៃដឹកយកទៅទុកក្នុងផ្ទះ។ លោកបន្តទៀតថា÷ ឈើទាំង២ដុំខាងលើនេះ ពិតជាដុះនៅលើដីចម្ការរបស់ខ្លួនប្រាកដមែន ដោយពួកគាត់ មិនបានលួចពីនរណានោះឡើយ ឬរកស៊ីជួញដូរអ្វីនោះដែរ ហើយលោកលក់ឈើបេងទាំង២ដើមនេះ គឺក្នុងគោលបំណងឲ្យស្រឡះដី រួចភ្ជួរដាំពោតតែម្តង ។
រីឯបងប្អូនអ្នកដែលរស់នៅក្នុងភូមិខាងលើជាច្រើននាក់ បានលើកឡើងថា÷ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ជាមនុស្សល្អទេនៅក្នុងភូមិ ដោយធ្លាប់តែរកស៊ីដាំបន្លែលក់ចិញ្ចឹមជីវិត និងធ្វើស្រែបន្តិចបន្តួចហើយរាល់ថ្ងៃ គាត់រស់ដោយសារមានកូនទៅធ្វើការនៅប្រទេសកូរ៉េ រួចផ្ញើប្រាក់ចាយវាយប្រចាំថ្ងៃ និងទិញថ្នាំលេប ហើយពួកគាត់មិនធ្លាប់រកស៊ីបទល្មើសព្រៃឈើអ្វី ដូចការចោទរបស់នគរបាលនោះឡើយ ហើយឈើកំណាត់តូចៗ និងឈើបេងប្រហោងក្នុងទាំងអស់នោះ គឺគាត់ទិញផ្សំគ្នានៅតាមចម្ការ ក្នុងគោលបំណងយកទៅធ្វើគ្រែដេក តែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រី ដារ៉ា អធិការនគរបាលស្រុកសាក្រៅ បានឲ្យដឹងថា ខាងលោកចាប់ឃាត់ខ្លួនបុរសខាងលើ គឺពាក់ព័ន្ធទៅនឹងបទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយសំណុំរឿងនេះ ខាងលោកក៏បានរៀបចំ និងបញ្ជូនទៅតុលាការអស់ហើយ ពោលគឺផុតពីដៃរបស់លោក ។ លោកបន្តទៀតថា ពេលនេះ ខាងលោកកំពុងជាប់រវល់ទទួលទូរស័ព្ទពីខាងអភិបាលស្រុក ហើយក៏បិទទូរស័ព្ទភ្លាមៗតែម្តង ៕ ស សារ៉េត