ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និង២នាក់ទៀត របួសធ្ងន់ ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចររថយន្តបុកគ្នា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកូរ៉េ ព្រលះរថយន្តសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាប់ក្នុងកាប៊ីនស្លាប់នៅនិងកន្លែង រឺឯពីរនាក់ទៀត របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តសណ្ដោងរត់គេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហានណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វិន អាយុវ៣៦ឆ្នាំ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ វ៉េវ អាយុ១៨ឆ្នាំ និងតៃកុងឡាន ឈ្មោះ ប៉ូង មករា អាយុ៣៤ឆ្នាំ ទាំងបីនាក់ រស់នៅភូមិវែង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយតោនកន្លះដឹកទំនិញនំកញ្ចប់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8929 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូត ជ្រុលទៅបុករថយន្តសណ្ដោងរ៉ឺម៉ក ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9618 ពីក្រោយពេញទំហឹង បណ្ដាលធ្វើឲ្យបុរសម្នាក់ ជាប់ក្នុងកាប៊ីនស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ក៏ទាក់ទងទៅជំនាញចរាចរ ចុះមកវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ។

បច្ចុប្បន្នសពតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ៕ ជ្រោយពេជ្រ


ចែករំលែក៖