ព័ត៌មានទាន់ហេតុការណ៍៖

តារាស្រីកូនកាត់ឥណ្ឌាម៉ូកតា ម៉ាតថាណា  បង្ហើបក្តីស្រមៃថ្ងៃខួបកំណើតធំលើកទី១

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីវ័យក្មេងស្រស់សោភា កញ្ញា ម៉ូកតា ម៉ាតថាណាបានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកទី១ក្នុងជីវិតគម្រប់វ័យ២១ឆ្នាំ កាលពីរាត្រីថ្ងៃទី១៧ ខែកញ្ញាក្រោមវត្តមានសិល្បករជាច្រើនចូលរួម។ នាងគ្រោងបើកដំណើរការហាងអ៊ុតសក់ទ្រង់ទ្រាយធំគួរសមមួយដើម្បីបំពេញក្តីស្រម៉ៃបន្ថែមលើការងារសិល្បៈ។

តារាស្រីកូនកាត់ឥណ្ឌារូបនេះលើកឡើងថានាងចូលសិល្បៈច្រើនឆ្នាំហើយដែរទើបសម្រេចចិត្តធ្វើខួបកំណើតលើកនេះ ដែលមានភ្ញៀវប្រមាណជាង២រយនាក់ដែលភាគច្រើនជាអ្នកសិល្បៈដែលបានរាប់អានគ្នាជាយូរមកហើយដែរ។ តារាស្រីល្បីឈ្មោះក្នុងរឿង”មុខកាំបិទមុខស្នេហ៍” រូបនេះបញ្ជាក់ថា ថ្មីៗនេះនាងបន្ថយការងារសិល្បៈខ្លះដើម្បីទុកពេលមើលថែគ្រួសារពិសេសឪពុកនាងដែលមានឈឺ ហើយក៏ត្រូវរកពេលបន្ថែមការងារក្រៅពីរង្វង់សិល្បៈដែរ។

នាងថានាងថាបានបើកហាងអ៊ុតសក់មួយនៅតំបន់ផ្សារច្បារអំពៅ ហើយហាងនេះកំពុងតែទទួលបានការគាំទ្រច្រើន។ នាងថារឿងស្នេហានាងនៅមិនទាន់បង្ហើបទេ គឺត្រូវចាំពេលវេលាបន្តិចសិន។ នាងបន្តថាថ្ងៃខួបកំណើតឆ្នាំនេះអ្វីដែលនាងចង់បានបំផុតគឺការងារមុខរបររីកចម្រើន ពិសេសសូមឲ្យឪពុកនាងឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អ។

គួរបញ្ជាក់ដែរថាស្រីស្អាត ម៉ូកតា ម៉ាតថាណា ជាកូនកាត់ឥណ្ឌា នាង  មានឪពុកជាកូនកាត់ឥណ្ឌា ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈការប្រឡងស្រីស្រស់ប្រុសស្អាតនៅទូរទស្សន៍ My Tv ក្នុងឆ្នាំ ២០១៦ ។ នាងទទួលបានឱកាសសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំត្រច្រើនពីទស្សនិកជន និងផលិតករ៕ វឌ្ឍនា


ចែករំលែក៖