ខេត្តកំពង់ធំ៖ គោយន្តកន្រៃ្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q.3901 បើកបរដោយឈ្មោះ កូប ម៉ាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរអាជីវករ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) ពាក់មួកសុវត្ថិភាព ។ ចំណែកគោយន្តកន្រ្តៃម៉ាកគូបូតា ពណ៌ស្លាទុំ សណ្ដោងរឺម៉កឈើ (មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនពីកន្លែងកើតហេតុ) ។
មូលហេតុជាបឋមបង្កដោយគោយន្តកន្រ្តៃបើកបរជែងហើយរេចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី