បើតាមការបង្ហើបពីមន្ត្រីនគរបាលមួយចំនួនក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅតែបន្តប្រើអំណាចប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មោះ ប៉ាង សុធារិទ្ធ ហៅតូ ជាអ្នកបើកបររថយន្តរបស់លោក អ៊ុក កុសល នៅតែប្រើប្រាស់ឥទ្ធិពលរបស់លោក អ៊ុក កុសល ដើម្បីប្រមូលផលប្រយោជន៍តាមរបៀបពុករលួយយ៉ាងងងើល។
ថ្មីៗនេះមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៣រូបត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចអនុវត្តន៍វិន័យចំពោះពួកគេក្រោមរូបភាពបន្ថយឋានន្តរស័ក្ដិមួយថ្នាក់ ដោយសារតែមន្ត្រីនគរបាលទាង៣រូបនោះអសកម្មក្នុងការងារ។ យោងតាមសេចក្ដីសម្រេចស្ដីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ គឺមន្ត្រីនគរបាលអសកម្មទាំង៣រូបនោះ ត្រូវបានធ្លាក់ឋានន្តរស័ក្ដិរបស់ខ្លួន ទី១-អនុសេនីយ៍ឯក ណយ សុធារ៉ា អត្តលេខ៦៥១៨៣ នាយរងផ្នែកនៃការិយាល័យភស្ដុភារ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ។ ទី២-អនុសេនីយ៍ទោ ផាត សុភ័ណ្ឌ អត្តលេខ៦៣៩៤៧ នាយរងផ្នែកនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រី និងទី៣-អនុសេនីយ៍ទោ រ៉ុម សុខា អត្តលេខ៦៦៤០៤ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រី។
មន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានទទួលស្គាល់ថា ចំណាត់ការរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទៅលើមន្ត្រីនគរបាល៣រូបដែលអសកម្មការងារ គឺជាវិធានការស្របទៅតាមស្ថានភាពជាក់ស្ដែង។ ក៏ប៉ុន្តែទន្ទឹមនឹងនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរចាត់វិធានការទៅលើអំពើពុករលួយ បក្ខពួកនិយមរបស់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងបក្ខពួកផងដែរ។ ដោយសារថា ចាប់តាំងពីទទួលបានតំណែងជាស្នងការនគរបាលខេត្តកំពង់ធំ គឺលោក អ៊ុក កុសល គិតតែពីរឿងពង្រឹងបណ្ដាញពុករលួយបក្ខពួកនិយមយ៉ាងរឹងមាំ ហើយមិនយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់មន្ត្រីក្រោមឱវាទឡើយ ៕