ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់ម៉ូតូចំនួន៨គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង ដល់សិស្សានុសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩និទ្ទេសA

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូហុងដាសេរី២០១៩ថ្មីស្រឡាងចំនួន៨គ្រឿងកុំព្យូទ័រយួរដៃ១គ្រឿង និងថវិការ១០ម៉ឺនរៀលត្រូវបានធ្វើពិធីប្រគល់អោយសិស្សានុសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩និទ្ទេសAក្រោមអធិបតីពីសំណាក់លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅទីធ្លាសាលាខេត្តស្វាយរៀង ។

លោក ម៉ែន វិបុល បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៨រូប ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា លទ្ធផលនេះមិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តស្វាយរៀងទាំងមូល នៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសវិស័យអប់រំ។

លោកអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែបទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ  ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូ អំណត់ព្យាយាមដោយយកចិត្តទុកដាក់រៀនសូត្រ ឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្ស និស្សិតល្អ និងមិត្តភក្ដិល្អ ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនគំរូ ដែលប្រកបដោយគុណសម្បត្តិ៤យ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ដោយមិនត្រូវមានមោទភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួនទៅអនាគត ដើម្បីខ្លួនឯង និងប្រទេសជាតិ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផងដែរ៕ យឹម​សុថាន​


ចែករំលែក៖