ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមេការសំណង់ម្នាក់ប្រទះឃើញកូនចៅរបស់ខ្លួនចង.កសម្លាប់ខ្លួនឯងទម្លាក់ចូលក្នុងទឹកស្រះ នៅការដ្ឋានផ្ទះល្វែងសង់ថ្មី កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មី សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តន សុភាព ហៅអាច្រូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅទីតាំងខាងលើ ។
តាមប្រភពព័ត៍មានពីបុរសម្នាក់ ដែលជាមេការសំណង់របស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីម្សិលមិញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះ បានខ្ចីលុយគាត់ចំនួន១០ម៉ឺនរៀលថាទុកចាយ ។ ពេលនោះគាត់គិតថាចាំថ្ងៃទី២៤ ប៉ុន្មានថ្ងៃទៀតខាងមុខនេះ គាត់នឹងបើកលុយឲ្យគ្រប់កម្មករទាំងអស់ ដើម្បីឈប់សម្រាកនិងបានលុយយកទៅលេងស្រុកកំណើតរៀងៗខ្លួននារដូវបុណ្យភ្ជុំបិណ្ឌ ។
លុះនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ (ថ្ងៃកើតហេតុ)កម្មករទាំងអស់គ្នា បានចូលធ្វើការដូចសព្វដង តាមផ្នែកផ្សេងៗគ្នា ប៉ុន្តែស្រាប់តែបាត់តែអាច្រូច(ជនរងគ្រោះ) ដោយគាត់ស្មានថាទំនាក់ជាទៅស្រុកមុនគេបាត់ទៅ ។ ដោយមិនអស់ចិត្តក៏ទៅអើតមើលបន្ទប់ដេកជនរងគ្រោះ ក៏ឃើញខោអាវនៅឡើយនិងមានការសង្ស័យក៏ដើរទៅមាត់ស្រះខាងក្រោយការដ្ឋានរកមើល ស្រាប់តែប្រទះឃើញអាច្រូច ចង.កទម្លាក់ចូលក្នុងទឹកស្រះ ជាមួយខ្សែពួរ ទាក់នឹងបង្គោលថ្មស្លាប់បាត់ទៅហើយ ។ ភ្លាមនោះគាត់ក៏ស្រែកឆោឡោឲ្យគេជួយទើបបង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យតែម្តង ។
ក្រោយកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានថា មានករណីមនុស្សចង.កសម្លាប់ខ្លួន ក៏បង្កើតគណៈកម្មការត្រួតពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.ក សម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ភារ៉ា ដង្កោ