ភ្នំពេញ៖ ជាងផ្សាដែកម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈអ្នកទាំងពីរបាននាំគ្នាផ្សាដែកអន្ទាដាក់បូកជញ្ជាំង ស្រាប់តែធ្លាក់មកប៉ះខ្សែភ្លើងបណ្តាលឲ្យឆក់តែម្តង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដែលស្ថិន នៅដីឡូតិ៍ផ្ទះល្វែងក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ម៉ៃ សុមារា ភេទប្រុស អាយុប្រហែលជា៣០ឆ្នាំ មានមុខរបរជាជាងដែក និងជាងសំណង់ ស្នាក់នៅម្ដុំផ្សាទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុក កំណើតនៅភូមិ ព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ រីឯជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានរថយន្តសង្រោះដឹកយកទៅសង្រោះមន្ទាន់នៅឯមន្ទីរពេទ្យ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមមេជាងបានប្រមូលសម្ភារទុក និងបបួលគ្នាទៅទិញម្ហូបអាហារ ព្រោះដល់ម៉ោងសម្រាក តែមានជាង២នាក់មិនទាន់សម្រាកនៅផ្សាអន្ទាដែកដើម្បីដាក់បូកស៊ីម៉ង់ត៍ ដោយ ម្នាក់ជាអ្នកផ្សាម្នាក់ទៀតឈរកាន់ដែក ស្រាប់តែធ្លាក់ដែកអន្ទាមកចំខ្សែភ្លើងដាច់ចំ នាក់ដែលឈរកាន់ដែកនោះ ឆក់ស្លាប់ភ្លាមៗនឹងកន្លែងតែម្ដង ។ ចំណែកម្នាក់ទៀតក៏ត្រូវឆក់ដូចគ្នា តែត្រូវគេជួយទាន់។
សំណង់ដែលកំពុងសាងសង់នោះត្រូវបានគេស្គាល់ថា ជារបស់ប្អូនស្រីរបស់ សេក សាត់ ដែលជាមេភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យផងដែរ។
សពត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច័យរួចថា ពិតជាឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែនរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ