ភ្នំពេញ ៖ បុរសពីរជិះម៉ូតូFino ឌុបគ្នាសុខៗ ត្រូវរថយន្ត TACOMA បេីកមកបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្រទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ដំណែកឯតៃកុងចុះរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ ត្រូវប្រជាពលរដ្ឋតាមចាប់ខ្លួនបាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារទំនេីបមួយកន្លែង យីហោ “Super Duper” នៅលេីកំណាត់ផ្លូវ៤៨៨ កែងផ្លូវ១៤៥ ខាងកេីតរង្វង់មូលផ្សារដេីមថ្កូវប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ញឹម សុវន្ថារ៉េត អាយុ៦០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ចំណែកជនរងគ្រោះដែលជាអ្នកឌុប បានរងរបួសគ្រាំក្នុង មានឈ្មោះ សុខ ពន្លឺ អាយុ៣៥ឆ្នាំ។
ចំណែកអ្នកបេីកបររថយន្តបង្កមានឈ្មោះ ចាន់ សារ៉ែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៦៧ ផ្លូវលំ ភូមិចំរេីនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរអ្នកលក់រថយន្ត និងជានិពន្ធនាយករង កាសែត តេជោសន្តិភាព ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ វាស់ជាតិអាកុល ជាក់ស្ដែង ០,៥៩ មិលី្លក្រាមក្នុង១លីត្រខ្យល់ ។
បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកយ៉ាមហា ហ្វីណូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FA-9490 ធ្វើដំណើរតាមផ្លូវ៤៨៨ ក្នុងទិសដៅពីរជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសខាងលើបើករថយន្តម៉ាកធុនត្រាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1AY-2720 ធ្វើដំណលរស្របទិសគ្នាមកពីរក្រោយក៏ជ្រុលមកបុកម៉ូតូពេញទំហឹង បណ្ដាលជនរងគ្រោះជាអ្នកឌុបខ្ទាតចេញខាងរងរបួសស្រាល ចំណែកអ្នករួមដំណើរជិះខាងក្រោយ ត្រូវបានរថយន្តអូសជាប់ទាំងម៉ូតូទាំងមនុស្សនៅខាងក្រោមរថយន្ត ចំងាយជាង២០ម៉ែត្រ ទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀត ម៉ាក4RunnER ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2D-8724 ដែលចតស្ងៀមនៅមុខ Mart Super Duper បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅក្រោមកង់រថយន្តបង្កនោះភ្លាមៗបាត់ទៅហេីយ ។
ឃេីញសភាពមិនស្រួល អ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនរហូតមុខវិទ្យាល័យផ្សារដើមថ្កូវ ក៏ត្រូវបានប្រជាពលរដ្ឋជួយដេញតាមឃាត់បានមកវិញ ហេីយបម្រុងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជេីងដែរ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដេីមថ្កូវក៏បានមកដល់ ទេីបប្រជាពលរដ្ឋប្រគល់អោយសមត្ថកិច្ចចាប់វាយខ្នោះនាំខ្លួនទៅវាស់ជាតិអាកុលនៅស្នាក់ការណ៍ប៉ុស្តិ៍តែម្ដង។ ចំណែកអ្នករងរបួសស្រាលត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន។
ក្រោយមកគេឃើញវត្តមានបងប្អូនសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល៕សរស្មី