ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្រាបៀរអង្គរបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស្រាបៀរអង្គរបុកជាមួយម៉ូតូ វេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ បណ្តាលអោយបុរសម្នាក់អ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

សមត្ថកិច្ចប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកស្រាបៀរពាក់ស្លាកលេខ ភ្នំពេញ 3C-1268 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ តឹក ដារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិបឹងត្រាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ អ៊ុត រដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មានអាសយ័ដ្ឋាន អូរ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA-WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ ស៊ីម ទូច ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយឈ្មោះ ស៊ីម ទូច អ្នកបើកបរម៉ូតូរបួសធ្ងន់ ។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន ៨៨៨ ខេត្តព្រះសីហនុ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្តនគរបាលបានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីបន្តតាមនិតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖