ព័ត៌មានទាន់ហេតុការណ៍៖

កុម្ម៉ង់ទិញសាច់គោគេ តែគេមិនលក់ឲ្យខឹ ងយកកាំបិតដេញកាប់ និងគំរាមថានឹងសម្លាប់ធ្វើឲ្យជនរងគ្រោះភ័យប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ កុម្ម៉ង់ទិញសាច់គោគេ តែគេព្រមមិនលក់ឲ្យ ព្រោះនៅជំពាក់លុយលើកមិនទាន់សងផង ក៏ឈ្លោះប្រកែកទាក់មាត់ទាក់ក.គ្នា ធ្វើឲ្យជនសង្ស័យ ស្ទុះទៅយកកាំបិតនៅលើគ្រែម៉ូតូរបស់ខ្លួនដេញកាប់ជនរងគ្រោះ តែកាប់មិនត្រូវ ក៏យកដុំថ្មគុប បណ្ដាលឲ្យត្រូវចំដៃ បន្ទាប់មកជនសង្ស័យនៅតែមិនអស់ចិត្ដ ក៏ស្រែកគំរាមថា នឹងសម្លាប់ប្រពន្ធជនរងគ្រោះទៀតផង ជាហេតុធ្វើឲ្យជនរងគ្រោះមានការភិតភ័យ ក៏ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់ ។ ចំណែកជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។ដោយឡែកវត្ថុតាងដកហូតបានមាន៖ ជញ្ជីងចំនួន១ ,មួយសុវត្ថិភាពចំនួន១ ,ដុំថ្ម១ដុំ ,កាបូបយួរចំនួន១ ,កាបូបដាក់លុយចំនួន១ ,ទូរស័ព្ទចំនួន១គ្រឿង និងប្រាក់រៀលចំនួន២៥,០០០រៀល និងប្រាក់ដុល្លារចំនួន២ដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបន្ដថា រយៈកាលកន្លងមក ជនរងគ្រោះ ទ្រី សារ៉ន និងជនសង្ស័យ កែវ សេរីរ័ត្ន គឺជាមិត្តភក្ដិជិតស្និត និងគ្នា ធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀតផង តែពុំដែលមានទំនាស់អ្វី នឹងគ្នាទេ ។ លុះនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១១ និង១០នាទី ជនសង្ស័យ កែវ សេរីរ័ត្ន បានជិះម៉ូតូចូលមកដល់ក្នុងផ្ទះ ទ្រី សារ៉ន រួចបានកុម្ម៉ង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែឈ្មោះ កែវ សេរីរ័ត្ន ធ្លាប់ ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ ហើយ ពួកគេក៏បានទាក់ពាក្យសម្ដីគ្នា ទៅវិញទៅមក ។

រួចជនសង្ស័យ បានរត់ទៅយកកាំបិតចុងស្រួចនៅលើគ្រែក្បែរម៉ូតូរបស់ខ្លួន មកដេញចាក់ឈ្មោះ ទ្រី សារ៉ន តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំដៃ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទប្រាប់ប្រពន្ធឈ្មោះ យ៉ុន បូរី ពីរឿងហេតុនេះ ។ បន្តិចក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមកដល់ រួមជាមួយអ្នកជិតខាងជាច្រើននាក់ចូលមកឃាត់ តែជនសង្ស័យពុំស្ដាប់ឡើយ ហើយជនសង្ស័យរូបនេះ បានជិះម៉ូតូទៅឈប់មុខផ្ទះ ហើយបានស្រែកគំរាមសម្លាប់ប្រពន្ធជនរងគ្រោះទៀត បើសិនណាហ៊ានយកទូរស័ព្ទថតរូបខ្លួន រួចហើយជនសង្ស័យបានយកដុំប៊ូល(ដែក) ចេញពីកែបម៉ូតូរុំជាមួយក្រម៉ាពោះគោ បោកទៅលើតុ និងជញ្ជាំងផ្ទះជនរងគ្រោះ បណ្ដាលអោយធ្លាក់បែកជញ្ជីងថ្លឹងសាច់គោ ចំនួន១លើកហើយបានស្រែកគំរាមថាជាគ្រាប់បែក និងបានគំរាមថានឹងសម្លាប់ប្រពន្ធ កូន ជនរងគ្រោះចោល រួចក៏បានជិះម៉ូតូចេញទៅតែម្ដង ។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដី អោយជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវ រហូតបាននាំខ្លួនជនសង្ស័យ កែវ សេរីរ័ត្ន បាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖