ភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កម្លាំងប្រជាការពារខណ្ឌ ក្រោមឱវាទរដ្ឋបាលខណ្ឌ ដើម្បីអបអរសាទរបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ។
ក្នុងឱកាសនេះផងដែរ លោក អភិបាលខណ្ឌ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ និងកម្លាំងប្រជាការពារខណ្ឌ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គលក្នុងគ្រួសារ ជាពិសេសធ្វើដំណើរទៅស្រុកកំណើតត្រូវពិនិត្យយានជំនិះ ពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនយើង លោក ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក អភិបាលខណ្ឌ ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កម្លាំងប្រជាការពារខណ្ឌ និងថវិកាសម្រាប់កាត់សំលៀកបំពាក់ ឯកសណ្ឋានម្នាក់ ០១កំប្លេ ជូនដល់ ក្រុមប្រឹក្សាខណ្ឌ និង បងប្អូនកម្លាំងប្រជាការពារខណ្ឌ ផងដែរ ៕ស តារា