ភ្នំពេញ៖ ដោយសារតែជំងឺប្រចាំកាយព្យាបាលមិនជា បានធ្វើឲ្យបុរសម្នាក់ ជាមន្រ្តីនគរបាលនាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង(អត្តឃាត) នៅក្នុងរថយន្តសារ៉ែនបាំងខាងក្រោយ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង ។
ករណីបាញ់សម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១១A ផ្លូវP០៣ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមមន្រ្តីនគរបាលជំនាញខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការប្រធាននាយកដ្នាននគរបាលព្រហ្មទណ្ឌ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ អាវុធ១ដើម ម៉ាកG Lock19 លេខ LLT659 ផលិតនៅប្រទេសអូស្ត្រាលី, បង់១, គ្រាប់មិនទាន់បាញ់១គ្រប់,សំបកគ្រាប់១ ។
មន្រ្តីដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទហៅបងប្រុសឈ្មោះ សេង សាវឿន ឲ្យមកយកនៅផ្ទះកើតហេតុ ។ លុះពេលបងប្រុសជនរងគ្រោះបានមកដល់ផ្ទះ ឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រឺដ ពណ៍ស បំពាក់សារ៉ែន ពាក់ស្លាកលេខនគរបាល 2-3203 បញ្ឆេះចោល ក៏អើតមើលក្នុងរថយន្តឃើញមានឈាមហូររួចក៏បើកទ្វារថយន្តមើល ស្រាប់តែឃើញជនរងគ្រោះអង្គុយបាំងក្រោយស្លាប់បាត់ហើយ ។ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ។
ប្រភពព័ត៍មានពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងដែរថា កន្លងមកជនរងគ្រោះមានជំងឺចំហក្រពះរយពេលមួយឆ្នាំកន្លះ ធ្លាប់ទៅព្យាបាល នៅមន្ទីពេទ្យកម្ពុជា ថៃ និងវៀតណាមតែគ្រូពេទ្យប្រាប់ថាព្យាបាលមិនជាទេ ហើយជនរងគ្រោះតែងតែពោលពាក្យថាមិនអាច រស់បានទៀតទេ ។
ក្រោយកើតហេតុកម្លាំងជំនាញបានបង្កើតគណៈកម្មការត្រួតពិនិត្យសព និងតាមការពិនិត្យរបស់នគរបាល នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យបច្ចេកទេស រាជធានីភ្នំពេញ និងឧញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យ រាជធានីភ្នំពេញបញ្ជាក់ថា៖ ជនរងគ្រោះស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯងពិតប្រាកមែន(អត្តឃាត) ។
បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស