ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កឹះសោទ្វារបន្ទប់ជួល លួចយកគ្រឿងអល័ង្កាបានសម្រេច ត្រូវអ្នកជិតខាងឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្កឹះសោទ្វារបន្ទប់ជួលបានសម្រេច ហើយលួចយកគ្រឿងអល័ង្កា តែត្រូវអ្នកជិតខាងឃើញទាន់ស្រែកឆោឡោផ្អើល នាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ងិន ភ័ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុំ ពិសី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យសម្ភារៈបន្សល់ទុកមាន៖ កងដៃផ្លាកទីនចំនួន ៧កង ប្រគល់ឲ្យជនរងគ្រោះវិញ ដែកសរសៃចំនួន០១(របស់ជនសង្ស័យ) , មេសោចិនចំនួន០១ខូច ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖