ភ្នំពេញ៖ តារាសម្តែង ប៉ែន ចំរ៉ុង បានខកខានមង្គលការជាមួយគូស្នេហ៍ម្តងរួចមកហើយកាលពីអំឡុងដើមឆ្នាំ២០១៩នេះ។ ទោះជាយ៉ាងណាប្រភពពីអ្នកជិតដិតតារាសម្តែង និងពិធីករសម្តីផ្អែមរូបនេះ បានលើកឡើងថា មង្គលការរបស់គាត់អាចនឹងធ្វើឡើងជាផ្លូវការនៅអំឡុង ខែវិច្ឆិកា ខាងមុខនេះ។
ក្រោយបែកបាក់ស្នេហ៍ជាមួយ ភិន សុដាលីស បន្សល់ទុកកូនស្រីវ័យ៥ឆ្នាំនោះ ប៉ែន ចំរ៉ុង បានស្ងប់ស្ងាត់រឿងរ៉ាវស្នេហា រហូតមកដល់ដើមឆ្នាំ២០១៩ទើបតារារូបនេះបានបញ្ចេញមុខមាត់គូស្នេហ៍ថ្មី ភ្ជាប់ដោយដំណឹងរៀបមង្គលការ ។
មង្គលការដែលគ្រោងនឹងធ្វើឡើងកាលពីដើមឆ្នាំនេះត្រូវបានរំសាយដោយមិនមានការបញ្ជាក់មូលហេតុ ប៉ុន្តែគេឃើញពួកគេនៅបន្តភាពផ្អែមល្ហែមដដែល។ ដំណឹងពីប្រភពអ្នកជិតដិតតារារូបនេះលើកឡើងថា ប៉ែន ចំរ៉ុងដាក់ថ្ងៃចូលរោងការជាថ្មីហើយ ដែលសូម្បីតែរូបថតមុនមង្គលការ(Pre-Wedding) ក៏ត្រូវបានថតរួចរាល់ហើយ កាលពីសប្តាហ៍មុននេះ ដែលពួកគេបានជ្រើសរើសខេត្តសៀមរាបដើម្បីថតផងដែរ។
ប្រភពបញ្ជាក់ដែរថា តាមដំណឹង ពោះម៉ាយកូនមួយរូបនេះនឹងត្រូវរៀបមង្គលការនៅខេត្តបាត់ដំបងជាទឹកដីកំណើត និងបន្តមកជប់លៀងធំមួយនៅភ្នំពេញផងដែរ។ ប្រភពបន្តថាមង្គលការ ប៉ែន ចំរ៉ុងនឹងត្រូវចាត់ចែងដោយសម្អាងការរបស់អ្នកនាង ខាត់ សុឃីម ដែលជាមិត្តជិតដិតផងដែរ ។
គួរបញ្ជាក់ដែរថាតារាសម្តែង ប៉ែន ចំរ៉ុងបានបង្ហាញមុខគូស្នេហ៍ថ្មីជាមួយនឹងភាពល្អូកល្អឺនផ្អែមល្ហែមខ្លាំងក្នុងថ្ងៃខួបកំណើតខ្លួនហើយក៏ទទួលបានទាំងការសរសើរ និងរិះគន់ជាមួយនឹងវីដេអូខ្លីនេះ។ ការរិះគន់ព្រោះតែគេបាននឹកឃើញដល់ អតីតភរិយាលោក គឺអ្នកនាងភិន សុដាលីសនិងកូនស្រី ហើយសរសើរព្រោះតែលោកអាចស្វែងរកនារីស្រស់សោភា និងសាងភាពផ្អែមល្ហែមខ្លាំងឲ្យគ្នាទៅវិញទៅមក៕ វឌ្ឍនា