Grab ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទដ៏អស្ចារ្យឈាន មុខគេ នៅអាស៊ីអាគ្នេយ៍ បានរួមចំណែកជួយដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់ ៥,៨ ពាន់លាន ដុល្លារអាមេរិក ដោយគិតត្រឹមខែមីនា ឆ្នាំ២០១៩។ នេះបើយោងទៅតាមរបាយការណ៍លើកដំបូង របស់ខ្លួនស្តីពីការជះឥទ្ធិពលក្នុងសង្គម ដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះ ពីទីក្រុងហ្សាការតា។
ការចូលរួមជាចំណែកនេះ ត្រូវបានផ្អែកទៅលើចំណូលរបស់ដៃគូបើកបរ សេវាដឹកជញ្ជូន ពាណិជ្ជករ និងភ្នាក់ងារ និងពីការលក់ដែលប្រមូលបានតាមរយៈផ្លាតហ្វមរបស់ Grab។ ក្នុងបាយការណ៍ដដែលនោះក៏បានបញ្ជាក់ផងដែរថា មានសហគ្រិនខ្នាតតូចបំផុតប្រមាណជា ៩លាននាក់ ដូចជា អ្នកបើកបរ កំពុងតែប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ទូទាំងតំបន់ បើគិតត្រឹមចុង ខែសីហា ឆ្នាំ២០១៩ មានន័យថា មនុស្សម្នាក់ក្នុងចំណោម៧០នាក់ នៅតំបន់អាស៊ីអាគ្នេយ៍បានរក ចំណូលតាមរយៈ Grab។
កាលពីខែមីនា ឆ្នាំ២០១៨ ចំនួននេះមានត្រឹមតែ ២,៦ លាននាក់ប៉ុណ្ណោះ ហេតុនេះវាបានបង្ហាញពី អត្រាកើនឡើងដ៏គួរឲ្យកត់សម្គាល់ទៅលើការប្រើប្រាស់បច្ចេកវិទ្យារបស់ Grab ក្នុងទីក្រុងចំនួន ៣៣៩ ទីក្រុង ទូទាំងប្រទេសទាំង៨នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍ស្តីពីការជះឥទ្ធិពលលើសង្គមរបស់ Grab ក៏បានបង្ហាញពីការដាក់ឲ្យដំណើរការនូវ កម្មវិធីដែលជះឥទ្ធិពលដល់សង្គមថ្មីមួយឈ្មោះថា Grab for Good ផងដែរ ខណៈដែលកម្មវិធីនេះ មានគោលបំណងជួយឲ្យប្រជាពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ ទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ទៅលើបច្ចេកវិទ្យា ការលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងសេវាឌីជីថល។
គំនិតផ្តួចផ្តើមថ្មីនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋជាច្រើន ក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថល ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ក៏ដូចជាមានជម្រើស និងឱកាសបន្ថែមទៀតក្នុងការធ្វើឲ្យ ជីវភាពរស់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។ តាមរយៈការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ផ្លាតហ្វម និងភាពជាដៃគូរបស់ខ្លួន Grab បានកំណត់គោលដៅមហិច្ចតាមួយចំនួនសម្រាប់កម្មវិធី Grab for Good ដែលនឹងត្រូវសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៥។
លោក Anthony Tan អគ្គនាយក និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ «អាស៊ីអាគ្នេយ៍ត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី៤ ក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែការព្រួយបារម្ភដ៏ពិតប្រាកដនោះគឺថា មិនមែនគ្រប់គ្នាមាន ភាពងាយស្រួលក្នុងការទទួលបានឱកាស និងមានឱកាសស្មើគ្នាដើម្បីទទួលជោគជ័យជាមួយ នឹងការរីកចម្រើនរបស់តំបន់នេះឡើយ។ ប្រសិនបើវិស័យឯកជនបង្កើតកម្មវិធីជាច្រើនយ៉ាងសកម្ម សម្រាប់សហគមន៍ក្នុងស្រុក បច្ចេកវិទ្យាអាចនឹងពង្រីកវិសាលភាពដល់ពលរដ្ឋជាច្រើនហើយការ រៀនពីជំនាញថ្មីៗជាច្រើន អាចជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែច្រើនមានភាពល្អ ប្រសើរយ៉ាងឆាប់រហ័ស នៅអាស៊ីអាគ្នេយ៍»។លោក Anthony Tan បានបន្តទៀតថា៖ «កម្មវិធី Grab for Good គឺជាការបង្កើតផ្លាតហ្វមរួមបញ្ចូល គ្នាមួយនឹងជាការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមាន និងប្រកបដោយនិរន្តរភាព ក្នុងរាល់ប្រទេសទាំងអស់ដែល Grab ប្រតិបត្តិ»៕ វឌ្ឍនា