ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតបុកធ្វើឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតម៉ាកឌូកបើកបរដោយល្បឿនលឿន ឈប់មិនទាន់ បានបុកម៉ូតូហុងដាពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២១_២២ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សំបូ ឈឿន ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AA_1475 ។ ចំណែកភាគីម៉ូូតូម្ខាងទៀត ម៉ាកឌូក DUK ពណ៍ខ្មៅ+ស ពាកស្លាកលេខភ្នំពេញ 1GO_4749 បើកបរដោយឈ្មោះ មួន សំអាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃស្រឡៅ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មុខរបរជាងជួសជុលម៉ាស៊ីនកាត់ដេរ (រងរបួសស្រាល) មានអ្នករួមដំណើរ១នាក់ឈ្មោះ ឃុន សុវិចិត្រ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា(រងរបួសស្រាល) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌូក បើកដោយល្បឿនលឿន បាន ឈប់មិនទាន់ បានបុកម៉ូតូហុងដាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាទទួលរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបរម៉ូតូឌូកនិងអ្នករួមដំណើររងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ចុះពិនិត្យ វាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕​ស្អាងជ័យ


ចែករំលែក៖