ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្រុកទេសយើងសព្វថ្ងៃកាន់តែសុខសប្បាយនិងរីកចម្រើនទៅមុខ។ រីឯផ្លូវថ្នល់ និងស្ពានតូចធំក៏កាន់តែមានច្រើន ហើយរមណីយដ្ឋាន និងកន្លែងកម្សាន្តវិញក៏មានស្ទើរគ្រប់ទីកន្លែង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងទេសចរជាតិនិងអន្តរជាតិធ្វើដំណើរទៅកម្សាន្តដោយគ្មានការភ័យព្រួយដូចសម័យសង្រ្គាមឡើយ ។
ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ ថា “ថ្ងៃនេះយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបានសម្រុកចេញដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារធ្វើបុណ្យភ្ជុំបិណ្ឌធំខាងមុខ”។
សម្តេចតេជោ ហ៊ុន សែន សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗធ្វើដំណើរសុខសប្បាយទាំងអស់គ្នា និងឆាប់បានជួបជុំក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះ៕