ខេត្តស្ទឹងត្រែង លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹក ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសចុះពិនិត្យមើលការដា្ឋនស្ថាបនា ស្ពានបេតុងចំនួន២ កន្លែង នៅ ស្រុកសេសាន ដែលកំពុងស្ថាបនាសម្រេច បាន៦០ ភាគរយហើយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួលក្រោយពីទឹកជំនន់ស្រកទៅវិញ។
បើតាមការឲ្យដឹងពី លោក សរ គឹមណាត ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការងារអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានក្រសួងសារធារណការ និងដឹកជញ្ជូន ជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល ទើបធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តស្ទឹងត្រែងបានរីកដុះដាលជាច្រើន ពិសេសតាម ក្រុង ស្រុក និងតាមមូលដ្ឋានផ្សេងៗ ដែលនៅដាច់ស្រយាលពីខេត្ត ។
លោកបានបន្ថែមថា ចំពោះសមិទ្ធផលស្ពានបេតុងចំនួនពីរកន្លែងក្នុងស្រុកសេសាន ដែលកំពុងស្ថាបនាសម្រេចបានរហូតដល់ ៦០ភាគរយនេះ ជាលទ្ធផលថ្មីមួយទៀតដែលជាអំណោយរបស់រាជរដ្ឋាភិបាលដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្រុកសេសាន ។
លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ ក្នុងការចុះពិនិត្យការដ្ឋានសាងសង់ផ្លូវនឹងស្ពាននេះថា: លោកនឹងជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ បន្ថែមទៀតនិងសម្រេចបាន ១០០ភាគរយក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនា ស្ពានមួយនេះ ព្រោះស្ពានបេតុង ដែលកំពុងនឹងស្ថាបនា ត្រូវតែមានគុណភាពប្រើប្រាស់បានយូរអង្វែងដល់ជំនាន់ក្រោយៗ។
ក្នុងនោះផងដែរលោកអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅសង់ខាងផ្លូវមួយនេះ ធ្វើយ៉ាងណា ចេះជួយថែរក្សាផ្លូវនិងស្ពាន ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឲ្យប្រជាជន កូនចៅ របស់សម្តេច ដែលអាស្រ័យផល លើផ្លូវនិងស្ពាននេះ ៕ មាស សុផាត