ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍.ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យ៉ាងតិចមានមនុស្ស ៦នាក់បានស្លាប់ជាបន្តបន្ទាប់ និងចំនួន ១៤នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើក នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃកន្លងមកនេះ ។
របាយការណ៍នគរបាលខាងលើបន្តថា រយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រណីជាតិកន្លងមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ទៅចំនួន ៩លើក បណ្ដាលឲ្យស្លាប់ចំនួន ៦នាក់ ស្រីចំនួន ៣នាក់ រងរបួសធ្ងន់ចំនួន ៨នាក់ ស្រីចំនួន ២នាក់ និងរងរបួសស្រាលចំនួន ៦នាក់ស្រី ក្នុងនោះបណ្ដាលឲ្យរងការខូចខាតមធ្យោបាយធ្វើដំណើរម៉ូតូ រថយន្ដតូចធំផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ឆ្នាំ២០១៩ នេះ មានការកើនឡើង ។
របាយការណ៍ដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងចំនួន ៩លើក ខាងលើនេះ បានកើតឡើងពេលថ្ងៃចំនួន ៧លើក និងពេលយប់ចំនួន ២លើក បណ្ដាលឲ្យស្លាប់ និងរបួសស្រាលធ្ងន់ចំនួន ២០នាក់ រួមទាំងខូចខាតមធ្យោបាយម៉ូតូចំនួន ១១គ្រឿង រថយន្ដតូចចំនួន ៤គ្រឿង និងរថយន្ដធំចំនួន ១គ្រឿងផងដែរ ដែលហេតុការណ៍បង្កឡើងរវាងម៉ូតូ និងម៉ូតូចំនួន ៣លើក រថយន្តតូច និងម៉ូតូចំនួន ៣លើក រថយន្តធំ និងម៉ូតូចំនួន ១លើក រថយន្តតូច និងរថយន្ដធំចំនួន ១លើក និងម៉ូតូ និងរថយន្ដតូចចំនួន ១លើកផងដែរ មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន ១ករណី បត់ឆ្វេង ១ករណី រេចង្កូត ១ករណី ប្រជែង ២ករណី មិនប្រកាន់ស្ដាំ ១ករណី ស្រវឹង ១ករណី រថយន្តផ្ទុះកង់ ១ករណី និងឆ្លងផ្លូវមិនប្រយ័ត្ន ១ករណី ៕ បុឹម ពិន