ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុង សុវណ្ណារិទ្ធ ត្រៀមស្នាដៃថ្មីឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បង្កើតស្នាដៃជាច្រើនបន្តបន្ទាប់ក្នុងការងារសិល្បៈ តារាចម្រៀង អ៊ុង សុវណ្ណារិទ្ធ ត្រៀមខ្លួនបញ្ចេញស្នាដៃសិល្បៈថ្មី គឺបទចម្រៀងថ្មី Original Song ផ្ទាល់ខ្លួនក្នុងផលិតកម្មថ្មីមួយ ។

អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ លោក អ៊ុង សុវណ្ណារិទ្ធ បានលេចមុខក្នុងការងារសិល្បៈជាច្រើនបន្តបន្ទាប់ទាំងការចូលរួមច្រៀងក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍នានា កម្មវិធីប្រគំតន្ត្រីតូចធំជាច្រើន និងការងារច្រៀងប្រចាំនៅភោជនីយដ្ឋាន២នៅភ្នំពេញ ។

សមត្ថភាពច្រៀងទឹកដមសំនៀងពិរោះបានធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងផលិតករ។ តារារូបនេះបង្ហើបថា លោកត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីក្នុងផលិតកម្មមួយក្នុងពេលដ៏ខ្លីខាងមុខ។ ទោះជាលោកនៅមិនទាន់បញ្ជាក់ពីចំណងជើង និងឈ្មោះផលិតកម្មមែន ប៉ុន្តែលោកលើកឡើងថាជាស្នាដៃនិពន្ធថ្មី របស់អ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះនៅកម្ពុជាម្នាក់ និងធ្លាប់សាងស្នាដៃសន្ធឹកសន្ធាប់ក្នុងសង្គមសិល្បៈ។

លោកមានក្តីសង្ឃឹមច្រើនជាមួយកិច្ចសន្យាចូលច្រៀងក្នុងផលិតកម្មថ្មីជាផ្លូវការ នេះនឹងធ្វើឲ្យទីផ្សារការងារសិល្បៈ ពិសេសលើផ្នែកចម្រៀងនេះកាន់តែមានសន្ទុះ ហើយក៏រំពឹងដែរថា បទចម្រៀងថ្មីនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

គួរបញ្ជាក់ដែរថា អ៊ុង សុវណ្ណារិទ្ធធ្លាប់មានប្រវត្តិតស៊ូច្រើនក្នុងការងារសិល្បៈដែលផ្តើមចេញពីអាជីពជាអ្នករត់តុការ និងសុំចូលច្រៀងក្នុងក្រុមតន្ត្រីនានាតាមរោងមង្គលការ។ លោកធ្លាប់ជាតារាចម្រៀងប្រចាំក្រុមរ៉ាក់ និងក្រុម The Melody។ លោកទទួលបានការគាំទ្រច្រើនក្រោយពីបានចូលរួមប្រកួតដល់វគ្គបញ្ចប់៣នាក់ចុងក្រោយនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ៕ វឌ្ឍនា


ចែករំលែក៖