ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖​ ដីជាតិ​នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ត្រូវគេហែកចែកគ្នាស៊ី

ចែករំលែក៖

ដីរបស់រដ្ឋជាច្រើនកន្លែង​ក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺច្រើនកន្លែង ត្រូវបានគេលក់​​បានលុយ​រាប់លាន​ដុល្លារហែកចែកគ្នា​ទាំងថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ។ ករណីនេះ អ្នកដែលឆ្អែតចិត្តជាងគេ គឺមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចាស់វស្សាខ្លះចូលនិវត្តន៍ច្រើននាក់ មិនត្រូវបានគេឲ្យលិឌផងទេ ។ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្ត ដែលទើបមកកាន់តំណែងបានប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាមេចំណែក និងជាមេខ្លោងនៃការលក់ដីជាតិទាំងនោះ ។ បើទោះជាយ៉ាងណាក៏ដោយ ទាំងថ្នាក់ដឹកនាំខេត្ត លោក វ៉ី សំណាង ធ្វើជាមិនដឹងមិនឮ ។ គេជឿថា រឿងលក់ដី​តម្លៃរាប់លានដុល្លារ​ ហើយអាជ្ញាធរខេត្ត​ឆ្លើយថា ​មិនដឹង ដូចជាមិនទំនង ។ ពីព្រោះថា សូម្បីតែក្មេងបៀមដៃ ក៏ដឹងថា វាជាការទទួលខុសត្រូវ​របស់ថ្នាក់ដឹកនាំខេត្តនេះដែរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក ឈាង តុលា គឺជាមេខ្លោងធំ​ក្នុងការ​ទាក់ទាញ​ម៉ូយ​ឲ្យមកទិញដីរបស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ច្រើនកន្លែងនោះ ។ គោលដៅរបស់លោកឈាង តុលា ដែលចេញពីមេព្រៃខេត្តស្ទឹងត្រែង មកធ្វើជាប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺនោះ ក៏ព្រោះតែ​សំឡឹងឃើញដីជាតិជាច្រើនកន្លែងនៅ​ក្រោម​ឱវាទរបស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ អាចលក់ដូរបាន ។ ដូច្នេះវាជាការឃុបឃិត​ជាប្រព័ន្ធ ទាំងលោក ឈាង តុលា ផ្ទាល់​ រួមនឹងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ។ គេរាយការណ៍ថា ដីជាច្រើនកន្លែងដូចជាទីតាំងរដ្ឋបាលព្រៃឈើ​កំពង់ស្ពឺ​ជាប់ផ្លូវជាតិលេខ​៤, ដីចម្ការប្រេងខ្យល់នៅភូមិព្រៃផ្តៅ ឃុំត្រពាំងទង ស្រុកសំរោងទង, ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ​ស្រុកសំរោងទង ក៏ដូចជាដីរបស់មន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺនោះផង ត្រូវបាន​លក់ក្នុងទឹកប្រាក់រាប់លានដុល្លារ ។ ការឃុបឃិត​លក់ដីជាតិជាប្រព័ន្ធនេះ ធ្វើឲ្យមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចាស់ៗ បានត្រឹមក្អួតឈាមតែប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានរាយការណ៍ថា ថៅកែ ឬអ្នកទិញដី បានឃុបឃិតជាមួយប្រធានមន្ទីរកសិកម្ម​នៅក្នុងតម្លៃផ្សេងមួយ ហើយការប្រកាសជាចំហរ​ជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងក្នុងតម្លៃមួយផ្សេង ។ និយាយឲ្យខ្លី គ្រាន់តែកុម្មុយស្យុង ក៏លោកឈាង តុលា សល់ខ្ទង់សែនដុល្លារដែរ ។​ យ៉ាងណា​ក៏ដោយ បើទោះបីជាមានការរិះគន់ លាយឡំដោយទឹកភ្នែកពីមន្ត្រីចាស់ៗយ៉ាងណាក៏ដោយ ក៏លោក ឈាង តុលា ដែលទើបតែចូលមកកាន់តំណែង មិនដែលខ្វល់ ក្រៅតែខ្លួនបានសែនព្រេនថ្នាក់ដឹកនាំខេត្តរួចរាល់ហើយនោះ ។ ករណីនេះ មន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ស្នើឲ្យប្រមុខនៃរាជរដ្ឋាភិបាលពិចារណាឡើងវិញចំពោះការលក់ដីច្រើនកន្លែងនៅខេត្តកំពង់ស្ពឺនោះ ហើយជាពិសេស​អង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតការលក់ដូរនោះផង ៕


ចែករំលែក៖