អាជ្ញាធរខេត្តកែបក្រោមការចាត់ចែងដឹកនាំរបស់លោក កែន សេដ្ឋា មិនបញ្ចេញប្រតិកម្មអ្វីទាល់តែសោះ ក្រោយពេលដែលក្រុមអាជីវករ នៅមាត់សមុទ្រក្រុងកែប ព្រួតគ្នាកោរភ្ញៀវទេសចរមិនដាក់ទឹក នៅក្នុងឱកាសថ្ងៃភ្ជុំ ។ ភាពស្ងៀមស្ងាត់របស់លោកអភិបាលខេត្ត ធ្វើឲ្យភ្ញៀវទេសចរ ជាពិសេសពលរដ្ឋខ្មែរ មានចម្ងល់ និងចាត់ទុកថា ភាពស្ងៀមស្ងាត់នោះ ជាប្រយោជន៍ យ៉ាងសំខាន់របស់ថ្នាក់ដឹកនាំខេត្តនេះ ។
សកម្មភាពអវិជ្ជមានមួយត្រូវបានចែករំលែកនៅតាមបណ្តាញសង្គមហ្វេសប៊ុកអំពីការតវ៉ារបស់ភ្ញៀវទេសចរណ៍ចំពោះបញ្ហាតម្លៃទំនិញ និងតូបអង្គុយកម្សាន្ត ។ សកម្មភាពដែលបានចែកចាយបន្តនៅលើហ្វេសប៊ុកនោះ គឺបង្ហាញឲ្យឃើញយ៉ាងខ្លីថា ក្រុមអាជីវករមាត់សមុទ្រខេត្តកែប បានព្រួតគ្នា «កោរ» មិនដាក់ទឹកចំពោះភ្ញៀវទេសចរជាតិសាសន៍ឯង ។ គេបានសរសេរថា ម្ចាស់តូបបានប្រាប់ទៅអតិថិជនថា បើអង្គុយក្នុងតូបរបស់ខ្លួន គេគិតតម្លៃតូបតែ៥ម៉ឺនរៀល ហើយទាល់តែកុម្ម៉ងម្ហូប៥មុខឡើងទៅ ទើបមិនយកថ្លៃអង្គុយក្នុងតូបនោះ ដោយតម្លៃម្ហូបមួយមុខ៦ម៉ឺនរៀល ។ ពាក្យសម្តីរបស់ក្រុមអាជីវករទាំងនោះធ្វើឲ្យភ្ញៀវទេសចរចងចាំ ប៉ុន្តែនៅពេលគិតលុយ គឺបែរជាគិតថ្លៃតូប៥ម៉ឺនរៀលថែមទៀត ។ បើទោះបីជាមានការតវ៉ាជជែកគ្នាផ្អើលមាត់សមុទ្រខេត្តកែបយ៉ាងណាក៏ដោយ ក៏មិនឃើញអាជ្ញាធរចុះមកអន្តរាគមន៍នោះឡើយ ក្រៅតែក្រុមអាជីវករបានបាចអង្ករបញ្ចេរចំពោះភ្ញៀវដែលជាអតិថិជនរបស់ខ្លួននោះ ។
ទង្វើបែបនេះ គឺជាការលក់របររកស៊ី ដែលមិនអាចមានភ្ញៀវណាហ៊ានប្រថុយចូលទៅអង្គុយទទួលទានអាហារនៅមាត់សមុទ្រខេត្តកែបនោះទៀតឡើយ ។ ក្រោមការដឹកនាំរបស់លោក កែន សេដ្ឋា ខេត្តកែបបានបណ្តោយឲ្យមានភាពអវិជ្ជមានជាច្រើន ជាពិសេសរឿងរ៉ាវដូចដែលបានកើតឡើងខាងលើនេះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ យល់ថា អាជ្ញាធរ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច មានតួនាទីក្នុងការអន្តរាគមន៍ភ្លាមៗ ចំពោះបញ្ហាដែលបានកើតឡើង ធ្វើឲ្យភ្ញៀវទេសចរណ៍អាក់អន់ស្រពន់ចិត្តនោះ ។ គេនិយាយថា វាជាចរិកនៃការដឹកនាំអន់ របស់អាជ្ញាធរ ទើបធ្វើឲ្យក្រុមអាជីវករធ្វើអ្វីបានស្រេចតែនឹងចិត្តឬមួយក៏ក្រុមមន្ត្រីអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចបានទទួលលាភសក្ការ ឬផលប្រយោជន៍ភាគរយពីក្រុមអាជីវករនៅមាត់សមុទ្រទាំងនោះ បានជារហូតមកដល់ពេលនេះ អាជ្ញាធរក្រុង ខេត្តកែប មិនបញ្ចេញប្រតិកម្មសូម្បីសុំទោសមួយម៉ាត់ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់មិនចង់ឃើញនូវចំណុចអវិជ្ជមាន ឬនិយាយឲ្យខ្លីមិនចង់ឃើញមានពាក្យថា ខ្មែរកោរភ្ញៀវនោះទេ ។ ទិដ្ឋភាពបែបនេះ វាជាការសម្លាប់មុខរបរខ្លួនឯង ។ ជឿចុះថា ទម្រាំនឹងសាងអំពើល្អបានត្រឡប់មកវិញ ឬអាចទទួលបានភ្ញៀវចូលទៅកម្សាន្តនៅតំបន់នោះ ត្រូវចំណាយពេលយូរ ។ សម្រាប់ខ្ញុំបាទសង្កេតឃើញថា ថ្នាក់ដឹកនាំខេត្តកែបមិនខ្វល់រឿងនេះសោះឡើយ បើទោះបីជាបញ្ហានេះ ត្រូវបានកក្រើកនៅតាមបណ្តាញសង្គមហ្វេសប៊ុកក៏ដោយ ។ ហេតុអ្វីបានជាប្រជាពលរដ្ឋទទួលយកថ្នាក់ដឹកនាំដែលមិនមានការទទួលខុសត្រូវយ៉ាងដូច្នេះ? គេរំពឹងថា ក្រុមអាជីវករនៅទីនោះ នឹងភ្ញាក់រលឹកដោយខ្លួនឯង កុំចាំបាច់ថ្នាក់ដឹកនាំខេត្តចាត់វិធានការ ។ ភ្ញាក់រលឹកដើម្បីក្រពះរបស់ខ្លួនទៅថ្ងៃក្រោយ និងកុំរកស៊ីលក់មុខតទៅទៀត ៕ ប្រជាពលរដ្ឋម្នាក់