ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកដូងបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6803 ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក Honda Move ពណ៌ត្រួយចេក លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-GW6781 ជិះគ្នាពីរនាក់ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយត្រូវបានសាច់ញាតិដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯ ម៉ូតូរួញមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះ តៃកុងឡានបំរុងនឹងបើករត់គេច តែត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដែលល្បាតក្បែរនោះ ក៏បានឃាត់ខ្លួនបានភ្លាមៗ ។
ក្រោយកើតហេតុ ភាគីទាំងសងខាង ព្រមសម្រុះសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាត និងព្យាបាលរបួស ដើម្បីបញ្ចប់រឿង ដោយមិនចង់រំខានដល់សមត្ថកិច្ចមូលដ្ឋាន ៕ ភារ៉ា ដង្កោ