ខេត្តស្វាយរៀង៖ បុរសសង្ស័យជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាយកកាំបិតកាប់ចាក់ទៅលើស្ត្រីម្នាក់ចំនួន២កាំបិតឋបណ្តាលឥ្យស្លាប់ សង្ស័យទំនាស់ពាក្យសំដី ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅមុខកាស៊ីណូក្រោន ក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ចឹង វៀងហុន អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រមានទីលំនៅភូមិថាំង ឃុំង៉ែភុក ស្រុកតាំងគឺ ខេត្តង៉ៃអាង ។
ចំណែកជនរងគ្រោះមានឈ្មោះ ជិនធី ធូភឿង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាង ។
ប្រភពបន្តថា ស្ត្រីរងគ្រោះត្រូវចំចង្កា១កាំបិត និងចំដោះខាងឆ្វេង១កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតតែម្ដង ។
ក្រោយសួរនាំ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់ ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចយកតម្កល់ទុកនៅវត្តពោធិ៍ថ្មីស្ថិតក្នុងភូមិច្រកលាវសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីរកក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹមសុថាន