ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយ ដឹងតាមរបាយការណ៍ថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរី សុខសាន្ត ស្ថិតនៅក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។
ប្រភពបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជនសង្សយ័បានចំនួន៦នាក់។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន៤ នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ។
ប្រភពបន្តថា ក្នុងការបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖ ទូរសព្ទដៃ ចំនួន6គ្រឿង, ខ្នោះដៃចំនួន៤គូ, រថយន្តចំនួន១គ្រឿង និងប្រាក់ដុល្លាចំនួន១.៥០០ដុល្លារ ព្រមទាំងសម្ភារមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងសាកសួរសាវតាបន្ត ដើម្បីបន្ត នីតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ