ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ឲ្យតែស្រវឹងស្រា តែងរករឿង វាយដំប្រពន្ធឥតល្ហែ សមត្ថកិច្ចធ្វើការអប់រំច្រើនលើកច្រើនសារនៅតែមិនរាងចាល លុះមកដល់ថ្ងៃកើតហេតុជនសង្ស័យរូបនេះ បានផឹកស្រាស្រវឹងជោគជាំ ស្រាប់តែយកកាំបិតខ្វែវដេញកាប់ប្រពន្ធរត់ពេញផ្ទះ និងមិនឲ្យដេកក្នុងផ្ទះ ជាហេតុធ្វើឲ្យស្រ្ដីជាប្រពន្ធភ័យប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ញ៉ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្រ្ដីរងគ្រោះឈ្មោះ មូល សុខា ហៅ ជ្រែង អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង២នាក់ខាងលើ មានទីលំនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានកាំបិតខ្វែវចំនួន១ ។
ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យជាប្ដី ធ្លាប់ប្រព្រិត្ដអំពើហិង្សាក្នុងគ្រួសារច្រើនលើកច្រើនសារដូចជា៖ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងវាយដំប្រពន្ធបង្ករបួសស្នាមជាដើម ហើយសមត្ថកិច្ចអប់រំច្រើនដងមកហើយ តែជនសង្ស័យមិនរាងចាលនោះទេ ។ លុះមកដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៤និង៣០នាទី ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានជេរប្រមាថ និងគំរាមសម្លាប់ជនរងគ្រោះជាប្រពន្ធ បន្ទាប់មកជនសង្ស័យក៏យកញញួរ ទៅវាយបំផ្លិចបំផ្លាញចានដែក ,កង់ និងសម្ភារះមួយចំនួនទៀត រហូតដឹងដល់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល មកធ្វើការអប់រំម្ដងទៀត លុះមកដល់វេលាម៉ោង២០និង០០នាទី ថ្ងៃដដែល ជនសង្ស័យបានធ្វើសកម្មភាពបន្តទៀត ដោយយកកាំបិតខ្វែវដេញកាប់ប្រពន្ធរត់ពេញផ្ទះ និងមិនឲ្យដេកផ្ទះ ជាហេតុធ្វើឲ្យស្រ្ដីរងគ្រោះភ័យ ក៏ទៅប្ដឹងសមត្ថកិច្ចម្ដងទៀត ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះ ភ្លាមនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕ ស្អាងជ័យ