ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូ អាមេរិក-កូរ៉េខាងជើង នឹងធ្វើឡើងនៅថ្ងៃទី​៥ ខែតុលា

ចែករំលែក៖

រដ្ឋាភិបាលកូរ៉េខាងជើង នៅល្ងាចថ្ងៃទី​១ ខែតុលា បានប្រកាសថា កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូ  រវាង គណៈប្រតិភូ ឯកទេស អាមេរិក និងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅថ្ងៃទី​៥ ខែតុលា ។ ​នេះជាកិច្ចពិភាក្សាដោយផ្ទាល់ និងលើកដំបូង ចាប់តាំងពី កិច្ចពិភាក្សា នៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ​២០១៨។

កិច្ចពិភាក្សានោះធ្វើឡើង តាមការសន្យា ផ្ទាល់មាត់រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និង ប្រធានាធិបតីដូណាល់ ត្រាំ​នៅតំបន់ព្រំដែន គ្មានយោធារវាងកូរ៉េទាំងពីរកាលពីថ្ងៃទី​៣០ ខែមិថុនាឆ្នាំ​២០១៩​។

រដ្ឋលេខាធិការក្រសួង ការបរទេសកូរ៉េខាងជើង លោក​ស្រី Choe Son Hui បានឲ្យដឹងថា ប្រទេសទាំងពីរ បានសម្រេចតភ្ជាប់កិច្ចពិភាក្សា ថ្នាក់ឯកទេស នៅថ្ងៃទី​៥ ខែតុលា​​ ក្រោយកិច្ចពិភាក្សា​ជាបឋមនៅថ្ងៃទី​៤ ខែតុលា​។ លោកស្រី  Choe ​បានបន្តទៀតថា លោកស្រីសង្ឃឹមថា​ កិច្ចពិភាក្សាថ្នាក់មន្ត្រីឯកទេស​ ប្រទេសទាំងពីរ នឹងជំរុញឲ្យ ទំនាក់ទំនងអាមេរិក កូរ៉េខាងជើង កាន់តែប្រសើរឡើង ។ លោកស្រីបានបន្តទៀតថា ភាគីកូរ៉េខាងជើង បានត្រៀមលក្ខណៈរួចរាល់ សម្រាប់កិច្ចពិភាក្សា ជាមួយអាមេរិក ប៉ុន្តែ មិនបានបញ្ជាក់ថា កិច្ចពិភាក្សនោះ ត្រូវធ្វើឡើងនៅទីកន្លែងណានោះឡើយ​។

ចំណែកក្រសួងការបរទេសអាមេរិក មិនទាន់វិភាគអ្វីជុំវិញ ព័ត៌មានខាងលើ នៅឡើយទេ ។ ក្នុងពេលជាមួយគ្នានេះ វិមាន ប្រធានាធិបតី កូរ៉េខាងត្បូង បានប្រកាសថា  រដ្ឋាភិបាល ទីក្រុងសេអ៊ូល​បានអបអរសាទរដល់ការតភ្ជាប់កិច្ចពិភាក្សាខាងលើ​ ហើយសង្ឃឹមថា​ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត​។

កិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង បានជាប់គាំងចាប់តាំងពី​ជំនួបពិភាក្សា កំពូលរវាង លោកត្រាំនិង គីម ជុងអ៊ុន​នៅទីក្រុងហាណូយ កាលពីចុងខែកុម្ភៈ មិនទទួលបានជោគជ័យ ហើយគណៈប្រតិភូអាមេរិក ដឹកនាំដោយលោកត្រាំ បានចាកចេញពីកិច្ចប្រជុំមុនពេលកំណត់​។តាំងពីពេលនោះមក ភាគីទាំងពីរក៏បានផ្អាក់កិច្ចពិភាក្សា ហើយ កូរ៉េខាងជើងក៏បានបន្តសាកលល្បងមីស៊ីលជាច្រើនគ្រាប់៕


ចែករំលែក៖