ព័ត៌មានទាន់ហេតុការណ៍៖

ដាយ​កាត់​ទទឹង​ទន្លេ​ចំនួន​៣​កន្លែង​ក្នុង​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារ អាជ្ញាធរលក់ឲ្យឈ្មួញ

ចែករំលែក៖

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារបាន​ប្រាប់  ឱ្យ​ដឹង​ថា ដាយ​កាត់​ទទឹង​ទន្លេ​ចំនួន​៣​កន្លែង ស្ថិត​ក្នុង​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ត្រូវ​បាន​អភិបាលស្រុក​ក៏​ដូច​ជា​មេឃុំ​បាន​លក់​អតីត​ដែន​ឡូត៍​លេខ​៥​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​ដាក់​ដាយ​កាត់​ទទឹង​ទន្លេ​រួច​ប្រមូល​យក​ត្រី​គ្រប់​ប្រភេទ​យក​ទៅ​ស្រុក​គេ​វិញ​រាប់​សិប​តោន​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​បាន​រំខាន​សមត្ថកិច្ច​ណា​ឡើយ ។

ប្រជាពលរដ្ឋបានត្អូញត្អែរថា មានការ​លំបាក​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​នេ​សាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​នោះ បើ​ទោះបីជា​មាន​សហគមន៍​នេសាទ​ក្នុង​ឃុំ​ក៏​ដោយ​ក៏​មិន​មាន​ប្រយោជន៍​ដែរ​ដោយសារ​អាជ្ញាធ​រស្រុក និង​ឃុំ​បាន​លក់​អតីត​ឡូត៍​នេសាទ​នោះ​ទៅ​ឱ្យ​ជនជាតិ​វៀតណាមឲ្យគេ​ចូល​មក​ដាក់​ដាយ​សែ​យឿ​ន​ដោយ​ខុសច្បាប់និង​ដោយ​សេរី ។ពិសេស​ជា​រៀង​រាល់​ឆ្នាំ​ដាយ​កាត់​ទទឹង​ទន្លេ​ក្នុង​ឃុំ​កំពង់​ក្រសាំង​ចំនួន​៣​កន្លែង​អាជ្ញាធរមូលដ្ឋាន​ត្រូវរ៉ូវ​គ្នា​លក់​ទៅ​ឱ្យ​វៀតណាម​តាំងពី​រដូវ​បិទ​នេសាទ​មករ​ហូត​ដល់​រដូវ​បើក​នេសាទ​នេះ​ដោយ​ជ្រក​ក្រោម​ស្លាក​សហគមន៍​នេសាទ​តែ​ប៉ុណ្ណោះ ។

 

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​ក្នុងឆ្នាំនេះ​ទឹកទន្លេ​បាន​ឡើង​យឺត​ជាង​ឆ្នាំ​មុន​ៗ​ដោយ​ទឹក​ទើបតែ​ហក់​ឡើង​នៅ​ចុងខែ​៨​នេះ​តែ​ប៉ុណ្ណោះ ហើយ​ដាយ​កាត់​ទទឹង​ទន្លេ​ទាំង​៣​ខ្សែ​នេះ​ជនជាតិ​យួន​បាន​ចូល​មក​ដាក់​ក្នុង​ខែ​៩​នេះ​ទេ និង​បាន​ប្រមូល​យក​ទៅ​ស្រុក​គេ​វិញ​រាប់​សិប​តោន​ទាំង​ថ្ងែ​ទាំង​យប់​គ្មាន​នរណា​ខ្វល់​ឡើយ ។

ទាក់ទិនករណីនេះ លោក សៅ កុសល ប្រធាន​រដ្ឋបាល​ជល​ខេត្ត​បាន​ប្រាប់ភ្នាក់ងារកាសែតនគរវត្ត​​ថា ចំពោះ​ដាយ​កាត់​ទទឹង​ទន្លេ​ទាំង​៣​ខ្សែ​នេះ​ជា​របស់​សហគមន៍​នេសាទ​ឃុំ​កំពង់​ក្រសាំង ហើយអាជ្ញាធរ​ឱ្យ​សហគមន៍​នេះជា​អ្នក​ដាក់ខ្លួន​គេ​តែបើគេ​លក់​ទៅ​ឱ្យ​ឈ្មួញវៀតណាម​ចូល​មក​ធ្វើការនេសាទ​នោះ​គឺ​ខុសច្បាប់​ហើយ ។ ចំណែក​ អភិបាលស្រុក​បូ​រី​ជលសារ លោក ទុ​យ សុ​ភ័​ក្រ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅព្រឹក​ថ្ងៃ​ពុធទី​២ ខែតុលា ឆ្នាំ​២០១៩ ម្សិលមិញនេះ ៕ ប្រាថ្នា


ចែករំលែក៖