ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងម៉ូតូបុកគ្នាត្រង់ចំណុចស្តុបបែកជាបួនរបួសស្រាលប្តីប្រពន្ធពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតូយូតាព្រូសមួយគ្រឿងបុកគ្នាជាមួយម៉ូតូហុងដាស្គុពីត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យប្ដីប្រពន្ធពីរនាក់រងរបួសស្រាល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុពីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FX-1417 ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បួង ខណៈមកដល់ពាក់កណ្ដាលស្គុបចំណុចកើតហេតុខាងលើ ក៏មានរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2X-9442 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិច ក៏បានបុកគ្នាពេញទំហឹងបណ្តាលប្តីប្រពន្ធពីរនាក់ដួលបោកនឹងថ្នល់រងបួសរលាត់ដៃជើងតិចតួចស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ​


ចែករំលែក៖