ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ និងមហាជនសោកស្តាយចំពោះមរណភាពរបស់នាយ សានម៉ៅ

ចែករំលែក៖

ភ្នំពេញ៖ សិល្បកររួមអាជីព និងមហាជនបានបង្ហាះអារម្មណ៍សោកស្តាយចំពោះការបាត់បង់ជិវិត អតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព លោក ធូ ចំរ៉ុង ហៅនាយសានម៉ៅ ។ សិល្បករ និងមហាជនបានចាត់ទុកការបាត់បង់ជីវិតរបស់តារាកំប្លែងល្បីឈ្មោះរូបនេះថា ជាការបាត់បង់ធនធានមនុស្សដ៏មានទេពកោសល្យ ។

មានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក ដោយសារតែមានដំណឹងថា លោកបានទទួលមរណភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអ៊ូប៊ុនប្រទេសថៃ ក្រោយបញ្ជូនយកទៅសង្គ្រោះ ។

សពរបស់លោក ត្រូវបានដឹកមកតម្កល់ធ្វើបុណ្យនៅផ្ទះព្រែកប្រា ខណៈដែលដំណឹងមរណភាពរបស់លោក ធ្វើឲ្យមនុស្សភាគច្រើនមិនចង់ជឿត្រចៀកនោះទេ ដោយសារតែស្រស់ៗពេក ។ មរណភាពរបស់លោក គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលធ្វើអោយអ្នកគាំទ្រលោកភាគច្រើនក្ដុកក្ដួល ។ នាយសាន ម៉ៅ អាយុ៦០ឆ្នាំ ដែលមានជំងឺបេះដូងចំហរ និងហើមសួត និងធ្លាប់បានវះកាត់បំពង់កររហូតនិយាយលែងកើត ហើយស្ថានភាពជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនាប្រទេសថៃបន្ត ប៉ុន្តែការព្យាបាលមិនទទួលបានលទ្ធផលល្អ ។

តាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធាន សមាគមសិល្បករខ្មែរ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារបន្ទាប់ពីលោក សាន ម៉ៅ ។ នាងថា នាងពិតជាស្លុតចិត្តណាស់ពេលដែលបានទទួលដំណឹងដ៏សោកសៅនេះ ការចាកចេញរបស់តារាកំប្លែងរួបនេះ គឺជាក្តីសោកសង្រេងជាទីបំផុតដែលក្នុងនាមជាក្មួយ ជាសិល្បការនីជំនាន់ក្រោយដែលតែងតែគោរពប្រណិប័តរៀមច្បងដ៏ល្អម្នាក់ ។ យើងទាំងអស់គ្នាបានបាត់បង់តារាកំប្លែងជើងចាស់ខ្មែរដ៏ល្បីប្រចាំប្រទេសកម្ពុជាមួយរូបទៀតហើយ ។ សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព ទោះលោកពូបានលាចាកលោកនេះមែនតែស្នាដៃសិល្បៈរបស់លោកពូស្ថិតក្នុងដួងចិត្តប្រជាជនខ្មែរជានិច្ច ។

ដៃគូសម្តែង និងច្រៀងកាត់សក់តាមរោងការ អ្នកនាងខាត់ សុឃីម ហាក់សម្តែងអារម្មណ៍មិនអស់ចិត្តសោកស្តាយខ្លាំងនូវការបាត់បង់សិល្បករ និងជាដៃគូសម្តែងរួមគ្នា ។ នាងថា តារាកំប្លែងរូបនេះដាច់ចិត្តចាកចេញទៅដោយមិនលាមួយម៉ាត់ ។ ទោះជាយ៉ាងណានាងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធមិត្ត និងរៀមច្បងរួមអាជីពនេះបានទៅដល់ឋានបរមសុខ ។

គួរបញ្ជាក់ដែរថា នាយសានម៉ៅ ត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថាជាសិល្បករផ្នែកកំប្លែងមានប្រជាប្រិយភាពម្នាក់ក្នុងចំណោមសិល្បករកំប្លែងនៅកម្ពុជាអស់ជាច្រើនឆ្នាំកន្លងមកហើយ ។ មុនពេលចូលសម្តែងកំប្លែងលើឆាក និងក្នុងភាពយន្តនោះ នាយសានម៉ៅ គឺជាសិល្បករផ្នែកល្ខោនបាសាក់នៅក្នុងវង់មួយនាតំបន់ព្រែកប្រា៕ វឌ្ឍនា


ចែករំលែក៖