ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនចិនបើកបុកសួនច្បារចែកផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនជ្រុលទៅបុកសួនច្បារចែកផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ ១ដើម តែមិនមានអ្នករបួសឡើយ ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភោជនីយដ្ឋានការដូ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនចិនស៊ីងសេង លាយបេតុង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A 2113 បើកដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា ធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង ហើយបន្តហោះទៅបុកបង្គោលភ្លើងបាក់១ដើម ហើយម្ចាស់រថយន្ត បានបើកទ្វាររថយន្តគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរចុះមក យករថយន្តបង្ក ទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ​៕ ជ្រោយពេជ្រ


ចែករំលែក៖