ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់លង់ទឹកស្រែជម្រៅ១ម៉ែត្រ២តឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់លង់ទឹកស្រែជម្រៅ១ម៉ែត្រ២តឹក ចម្ងាយ១០០ម៉ែត្រខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ តាគឹមក្រោម ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ចាប ស្រីពី ភេទស្រី អាយុ៦ឆ្នាំ ឪពុកឈ្មោះ ហែប ពេជ អាយុ២៣ឆ្នាំ និង ម្ដាយ ឈ្មោះ ស្រី លេខ អាយុ ៣០ឆ្នាំ រស់នៅភូមិ តាគឹមក្រោម ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

លោក លីថុងផារ៉ាត់ មេប៉ុស្ដិ៍ នគបាល ឃុំអន្លងសំណរ ប្រាប់ថា ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យ លើសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មទេ រួចក៏បានសន្និដ្ឋានថា សពក្មេងស្រីពិតជាស្លាប់ដោយសារលង់ទឹកពិតមែន បន្ទាប់មកបានប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ក្នុងនោះលោក ក៏បានសំណូពរដល់ អាណាព្យាបាល ឬ ឪពុកម្ដាយ គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅ បុត្រធីតា ព្រោះថា រដូវនេះជារដូវទឹកជន់ជរ ស្ទើរគ្រប់ទីកន្លែង តែយើងប្រហែសតែបន្តិចនោះ យើងនឹងបាតបង់ កូន ចៅជាទីស្រឡាញ់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖