ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រួមនិងថ្នាំញៀនចំនួន៣៩កញ្ចប់ធំ ដែលមានទម្ងន់៣៩គីឡូក្រាម ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឆ្មក់បង្ក្រាបនៅក្នុងបន្ទប់ខុនដូមួយកន្លែង នៅជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ។
ជនសង្ស័យម្នាក់ឈ្មោះ YUN LIANFU ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូមួយកន្លែង នៅជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រហូតដល់យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំដោយលោកវរៈសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរៈសេនីយ៍ត្រី សេង ឃុនណាង នាយការិយាល័យទី១១ បានឆ្មក់ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ខាងលើនេះជាក់ស្តែងតែម្តង ។ ដោយលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន និងដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លាចំនួន៣៩កញ្ចប់ធំ ដែលមានទម្ងន់៣៩គីឡូក្រាម ។
ក្រោយប្រតិបត្តិការរួចកម្លាំងជំនាញ បាននិងកំពុងបន្តតាមចាប់មុខសញ្ញាម្នាក់ដែលជាម្ចាស់ថ្នាំញៀនខាងលើនេះ ដែលបាននាំយកមកលក់ និងជាអ្នកប្រគល់ឲ្យជនជាតិចិនរូបនេះ ។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងថ្នាំញៀនចំនួន៣៩គីឡូក្រាមនេះ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕ស តារា